ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកឈើខុសច្បាប់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ធី ហៅ “ធី ពុករលួយ”ត្រូវបានកម្លាំង សង្កាត់និងផ្នែករដ្ឋបាលព្រៃឈើរវៀងបង្ក្រាប

ចែករំលែក៖

ខេត្តព្រះវិហារ ៖ កាន់តែក្តៅដូចបាយពុះ ក្រោយពីមានប្រតិកម្មពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារងនឹងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ស្តីពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះរបស់លោក ទៅកាងបទល្មើសដឹកឈើខុសច្បាប់ លោក វុធ សាវី បានឱ្យដឹងថា មានក្រុមឈ្មួញទុច្ចរិតមួយចំនួន បានយកឈ្មោះរបស់លោកទៅ ប្រព្រឹត្តរកសុីបទល្មើសខុសច្បាប់នឹងបានធ្វើឱ្យមហាជនមួយចំនួន មានការយល់ច្រឡំមកលើរូបលោក ។ លោក វុធ សាវី បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោកមិនដែលមានបងប្អូនឬសាច់ញាតិរកសុីបទល្មើសព្រៃឈើខុសច្បាប់នោះឡើយ ។ លោកថា ត្រឹមអាហារហូបចុក១ថ្ងៃ ៣ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាចមានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់ឡើយ ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំឱ្យលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើសព្រៃឈើឱ្យមានប្រសិទ្ធភាពផង នឹងបានស្នើដល់អ្នកសារព័ត៌មាន ឱ្យជួយតាមដាននឹងប្រម៉ាញ់រូបភាពរួចរាយការណ៍ជូនលោកទោះពេលណាឬម៉ោងណាក៏ដោយ លោកនឹងមានចំណាត់ការឱ្យមានប្រសិទ្ធភាព ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង បានឱ្យដឹងថាក្រោយពីទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរកសិកម្មនឹងបទបញ្ជារបស់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកបានចាត់មន្ត្រីជំនាញក្រោមឱវាទ ចុះទៅដល់ចំណុចភូមិកោះកំពង់លួង ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង ១២ នឹង ៣២ នាទីថ្ងៃទី ០១ ខែមិថុនា២០២២ កម្លាំងជំនាញបានជួបរថយន្តដឹកឈើរបស់មេឈ្មួញដុះស្លែឈ្មោះ ព្រុំ វុទ្ធី ហៅ “ធីពុករលួយ”ពេលនោះកម្លាំងជំនាញបានធ្វើសញ្ញាបញ្ជាឱ្យរថយន្តឈប់ តែរថយន្តដឹកឈើនេះបានបន្ថែមល្បឿនទៅមុខ តែកម្លាំងជំនាញបានយករថយន្តពាំងពីមុខទើបរថយន្តដឹកឈើនេះព្រមឈប់ លោក ស៊ុំ សុវុត្ថា បានបន្តឱ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៏មាន លោកបានសំណូមពរទៅដល់កងកម្លាំងប្រដាប់អាវុធសូមចូលរួមសហការជាមួយកម្លាំងជំនាញផង បើពឹងផ្អែកលើកម្លាំងជំនាញមិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ធភាពឡើយ ។

សូមបញ្ជាក់ថា មេឈ្មួញឈ្មោះ ព្រុំ វុទ្ធី ជាមេឈ្មួញជើងខ្លាំងប្រចាំខេត្តព្រះវិហារ ជាង១០ ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេឡើយ មិនត្រឹមតែប៉ុណ្ណោះកន្លងទៅ មេឈ្មួញដុះស្លែចរិតធូថ្លៃនេះ ទាំងប្រមាថជេបញ្ចោមើលងាយដល់អ្នកសារព័ត៌មានណាដែលហ៊ានតាមប្រម៉ាញ់ ឬ រាយការណ៍ដល់សមត្ថកិច្ចពីការដឹកឈើល្មើសច្បាប់របស់គេ ។

សូមបញ្ជាក់បន្ថែមជូនផងដែរថា នៅមានមេឈ្មួញជើងខ្លាំងផ្សេងៗជាច្រើនទៀត ដែលកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជ័យសែននឹងស្រុករវៀង យកទៅលក់ឱ្យដេប៉ូចែអូននៅខេត្តកំពង់ធំ ក្នុងនោះមាន មេឈ្មួញឈ្មោះ តុលា ឈ្មោះ បូណា និងមេឈ្មួញឈ្មោះខ្លា ក៏មិនណយដែរ ដោយសារមេឈ្មួញឈ្មោះ ខ្លា នេះ មានលោកឧត្តមសេនិយ៍ផ្កាយ១ កាងពីក្រោយ មហាជនរង់ចាំមើលថា តើសមត្ថកិច្ចហ៊ានបង្ក្រាបរថយន្តដឹកឈើឈ្មោះ ខ្លា នេះដែរទេ តែមួយរយៈនេះមិនទាន់មានសកម្មភាពទេ រថយន្តដឹកឈើមេឈ្មួញឈ្មោះ ខ្លា នេះ ។

ពាក់ព័ន្ធនិងករណីរថយន្តដឹកឈើខុសច្បាប់របស់ មេឈ្មួញដុះស្លែ ឈ្មោះ ព្រុំ វុទ្ធី ហៅ”ធី ពុករលួយ” វត្ថុតាងមានឈើនឹងរថយន្ត ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖