ភ្នំពេញ៖ អាចជារឿងធម្មតាដែលតារាសម្តែងនិងពិធីករលោកជា វណ្ណារិទ្ធិ ដែលតែងតែបង្ហាញភាពផ្អែមល្ហែម និងមានជីវិតរស់នៅបែបសាមញ្ញ តែមានក្តីសុខជាមួយប្រពន្ធកូន ហើយជាញឹកញាប់លោកតែងតែបញ្ចេញវីដេអូនិងរូបថតបែបលក្ខណៈក្រុមគ្រួសារដែលធ្វើឱ្យនារីមិនតិចទេច្រណែននឹងវាសនារបស់ភរិយាលោក ព្រោះតែបានស្វាមីចេះយល់ចិត្តនិងយកចិត្តទុកដាក់ធ្វើកិច្ចការងារស្រាលធ្ងន់មិនប្រកាន់ថាការងារផ្ទះការងារប្រុសឬស្រីឡើយ ទាំងមិនខ្លាចនឹងពាក្យរិះគន់ពេបជ្រាយថាខ្លួនជាតារាល្បីហើយមកចាប់ការងារកំប៉ិកកំប៉ុកឬការងារស្រីនោះ។
ចំណងស្នេហ៍វ័យ១០ឆ្នាំរបស់តារាសម្តែងនិងជាពិធីកររូបសង្ហា លោកជា វណ្ណារិទ្ធិ បានកសាងសុភមង្គលជាមួយភរិយាយ៉ាងមានសេចក្តីសុខជាមួយអ្នកនាង សុភាព មូល្យា ហៅបេឡា ទទួលបានចំណងដៃកូនប្រុស២នាក់យ៉ាងស្អាតនិងគួរឲ្យខ្នាញ់។ អ្នកទាំង២បានចាប់ដៃគ្នាបើកដំណើរការហាងលក់សម្ភារតុបតែងខ្លួនផ្ទាល់ ចំណែកការងាសិល្បៈតារាប្រុសរូបនេះនៅតែបំពេញធម្មតាដដែល ។ ហេតុនេះហើយទើបគេសង្កេតឃើញគណនីហ្វេសប៊ុកKaa Vikaa បានបញ្ចេញសំណេរដ៏មានអត្ថន័យចាក់ដោតថា៖ ជាមនុស្សម្នាក់ដែលខ្ញុំសរសើរ ជាតារាពេលលើឆាកតែងខ្លួនខ្ញង់ ពេលចុះពីលើឆាកដើរបោចផ្កាទុកជូនប្រពន្ធនៅផ្ទះព្រោះប្រពន្ធស្រលាញ់ផ្កា ហើយក៏អត់ខ្វល់រឿងខ្មាសគេ បាក់មុខ , មកដល់ផ្ទះមើលកូន ជួយការងារប្រពន្ធ ត្រូវលក់ៗ ត្រូវធ្វើការងារគ្រប់យ៉ាងដែលប្រពន្ធធ្វើ នៅផ្ទះជាមួយប្រពន្ធ … មិនឆ្លៀតម៉ោងការងារហើយបង្ហួសទៅសប្បាយត , ការងារគាត់គឺការងារដែលជួបស្រីស្អាតច្រើន មានការផឹកសុីហ្វ្រី ភ្លេងហ្វ្រី បើមនុស្សចេះឆ្លៀតឱកាសប្រហែលមិនឱ្យរំលងទេ ព្រោះត្រូវនៅជាមួយភ្លេង ចម្រៀង ស្រីស្អាតក្នុងរោងជាច្រើន … រូបគាត់មួយសន្លឹកនេះមិនសមជាពិធីករ ឬអ្នកសិល្បៈទេ ។ ខ្ញុំសរសើរណាស់ ព្រោះមនុស្សដែលហ៊ានបោះបង់ការសប្បាយចោលដើម្បីគ្រួសារ សំខាន់មានឱកាសក្នុងការដើរសប្បាយច្រើនរាប់មិនអស់ តែសុខចិត្តមកផ្ទះ ងូតទឹក ចូលគេង ដេកអោបប្រពន្ធ ម៉េចដែរ HATERS ? រីឯខ្ញុំអ្នកផុសក៏មិនចង់បានល្បីអីដែរ ពួកគាត់មិនមែនញាតិខ្ញុំទេ 😂, ចំណែកឯមនុស្សប្រុសដែលធ្វើមិនបានល្អដូចគេ ឈប់ដៀលគេទៅ , កុំថាគេជោរ កុំថាគេធ្វើល្អព្រោះចង់ល្បី , កុំចេះតែគិតថាគេអាក្រក់ ព្រោះមិនមែនគ្រប់គ្នាសុទ្ធតែអាក្រក់ដូចយើងទេ 🥲 ខ្ញុំសរសើរ នឹងលើកទឹកចិត្តប្ដីគ្រប់រូបឱ្យធ្វើល្អ និងស្រលាញ់គ្រួសារឱ្យបានច្រើន , ព្រោះជាប្ដីល្អសម្រាប់ប្រពន្ធ ជាឪពុកល្អសម្រាប់កូន ជាកូនល្អសម្រាប់ម្ដាយឪពុកយើង វាមិនអន់ មិនខុស មិនថោកទេ តែវាធ្វើឱ្យយើងមានតម្លៃកាន់តែខ្ពស់ ។
មានអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញសារគាំទ្រការលើកឡើងនេះ និងមានការចែករំលែករាប់ពាន់ដងលើខ្លឹមសារនេះ ក្នុងនោះក៏មានសាមីខ្លួនគឺលោក ជា វណ្ណារិទ្ធិ ក៏បានធ្វើការចែករំលែកតបទៅកាន់ការបង្ហោះសារនេះដែរ ដោយលោកបានភ្ជាប់ជាមួយខ្លឹមសារសំណេរយ៉ាងខ្លីតបទៅកាន់ម្ចាស់គណនីហ្វេសប៊ុកខាងលើថា «អរគុណដោយក្តីគោរពស្រលាញ់ អានហើយរំភើបខ្លួនឯងម៉េចទេ»។ ក្នុងនោះដែរគេក៏បានឃើញភរិយារបស់លោកជា វណ្ណារិទ្ធិបានចូលទៅបញ្ចេញយោបល់មួយចំនួនបន្ថែមលើខ្លឹមសារនេះដែរ៕
ដោយ ៖ វឌ្ឍនា