រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace បានប្រកាសកាលពីថ្ងៃទី១ខែមិថុនាថា អង់គ្លេសនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែតឱ្យទៅប្រទេសអ៊ុយក្រែនដើម្បីទប់ទល់ការវាយប្រហារពីទាហានរុស្ស៊ី។
ប្រព័ន្ធរ៉ុក្កែតដែលអង់គ្លេសបញ្ជូនទៅឱ្យអ៊ុយក្រែននោះគឺប្រភេទ M270 ដែលអាចវាយប្រហារគោលដៅនៅចម្ងាយ៨០គីឡូម៉ែត្រ ។ ប្រព័នរ៉ុក្កែតនោះអាចជួយដល់កម្លាំងទាហានអ៊ុយក្រែនតទល់ជាមួយរុស្ស៊ីខណៈដែលសង្គ្រាមឈានចូលដល់ខែទី៤ហើយនោះ ។
សកម្មភាពរបស់អង់គ្លេសកើតឡើងក្រោយអាមេរិកសម្រេចប្រគល់ប្រព័ន្ធកាំជ្រួចមីស៊ីលដ៏ទំនើប HIMARS ឱ្យទៅប្រទេសអ៊ុយក្រែន។
ក្រសួងការពារជាតិអង់គ្លេសបានប្រកាសថា «អង់គ្លេសគាំទ្រអ៊ុយក្រែន ហើយដើរតួនាទីនាំមុខនៅក្នុងការផ្គត់ផ្គង់អាវុធដល់កម្លាំងទាហានអ៊ុយក្រែនដើម្បីការពារប្រទេសជាតិ ។ ដោយសារតែយុទ្ធសាស្ត្ររបស់រុស្ស៊ីផ្លាស់ប្តូរ ដូច្នេះយើងត្រូវតែផ្តល់ជំនួយសព្វាវុធឱ្យអ៊ុយក្រែនដើម្បីការពារឱ្យល្អជាងនេះសម្រាប់ទប់ស្កាត់ការវាយប្រហារពីរុស្ស៊ី៕ ដោយ៖ ធីរីណា
រូបថត៖ Getty