ចិនប្រកាសទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពនៅក្នុងទីក្រុងសៀងហៃ ដោយមានករណីឆ្លងកូវីដ-១៩ទាបបំផុតក្នុងរយៈពេល៣ខែកន្លងមក។
សារព័ត៌មានចិនបានផ្សាយនៅថ្ងៃទី២ខែមិថុនា ថា «សមិទ្ធផលដ៏អស្ចារ្យដែលទទួលបាននៅក្នុងទីក្រុងសៀងហៃ គឺទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងកូវីដ-១៩។ ប្រភពព័ត៌មានបានឱ្យដឹងថា ជាថ្មីម្តងទៀត យុទ្ធសាស្ត្រគ្មានកូវីដ-១៩ទទួលបានលទ្ធផលល្អ»។
សារព័ត៌មាន Bloomberg បានផ្សាយថា ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសចិនក្នុងថ្ងៃទី១ខែ មិថុនាមានតែ៦១ករណីប៉ុណ្ណោះ ។ ចំណែកនៅទីក្រុងសៀងហៃវិញ បានរកឃើញករណីឆ្លងតែ១៣នាក់ប៉ុណ្ណោះ ហើយទីក្រុងក៏បានលុបចោលការរឹតត្បិតនានាទប់ស្កាត់កូវីដ-១៩ផងដែរ។ ប៉ុន្តែទន្ទឹមនឹងជោគជ័យក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ចិនក៏ទទួលរងការខាតបង់សេដ្ឋកិច្ចជាច្រើនផងដែរ ដោយសាររោងចក្រជាច្រើនត្រូវបិទទ្វារធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពផ្គត់ផ្គង់ទំនិញ៕ ដោយ៖ ធីរីណា
រូបថត ៖ EPA-EFE