ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសាធារណការ ៖ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ក្រោមគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP)

ចែករំលែក៖

ខេត្ត​សៀមរាប ៖ លោក ចៅ សុភៈភិបាល នាយកគម្រោងផ្នែកទី២ និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក កឹម បូរី អនុរដ្ឋលេខាធិការទទួលបន្ទុក នៅថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការសិក្សាសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីក្រុមការងារពាក់ព័ន្ធនៃគម្រោង ភាគីពាក់ព័ន្ធ និងជំនាញការនៃធនាគារពិភពលោកផងដែរ។

សិក្ខាសាលានេះរៀបចំឡើងដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ តាមរយៈគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WASSIP) ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក សិក្សាដោយអង្គការ GRET ជាទីប្រឹក្សាមួយដែលកំពុងអនុវត្តការសិក្សាលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ ក្នុងក្រុងសៀមរាប និងជាផ្នែកមួយគាំទ្រដល់ផែ្នកទី ២ នៃគម្រោងផ្តួចផ្តើមការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេវាកម្មគ្រប់គ្រងភក់បង្គន់។ ការសិក្សាមានគោលបំណងដូចខាងក្រោម៖ (ទី១) សិក្សាលើស្ថានភាពបច្ចុប្បន្ននៃការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់ នៅក្រុងសៀមរាប (ទី២) ធ្វើបច្ចុប្បន្នភាពដ្យាក្រាមលំហូរភក់បង្គន់ (SFD) និងប៉ាន់ប្រមាណតម្រូវការនៃសេវាគ្រប់គ្រងភក់បង្គន់ (ទី៣) រៀបចំផែនការអនុវត្ត និងការកសាងសមត្ថភាពសម្រាប់ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប (SR-SWTPU) និង (ទី៤) របាយការណ៍ទិដ្ឋភាពទូទៅនៃប្រព័ន្ធវិក្កយបត្រប្រមូលថ្លៃសេវាប្រើប្រាស់ទឹក ដែលប្រើប្រាស់ដោយរដ្ឋាករទឹកស្វយ័តសៀមរាប (SRWSA)។

សិក្ខាសាលានេះមានគោលបំណង (ទី១) បង្ហាញពីលទ្ធផលបឋមនៃការសិក្សា និងសំណើអនុសាសន៍ក្នុងការកែលម្អសេវាអនាម័យក្នុងក្រុង និង(ទី២) ទទួលយកមតិយោបល់ត្រឡប់មកវិញដើម្បីធ្វើការកែតម្រូវចុងក្រោយពីភាគីពាក់ព័ន្ធសំខាន់ៗ។

សិក្ខាសាលានេះ មានការចូលរួមពីសិក្ខាកាមប្រមាណ ៤០នាក់ ជាតំណាងមកពីស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ការិយាល័យលូទឹក និងស្ថានីយចម្រោះទឹកកខ្វក់ខេត្តសៀមរាប មន្ទីរបរិស្ថានខេត្តសៀមរាប មន្ទីរទេសចរណ៍ខេត្តសៀមរាប មន្ទីរសុខាភិបាលខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ រដ្ឋាករទឹកស្វយ័តក្រុងសៀមរាប រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប រដ្ឋបាលសង្កាត់ទាំង១២ និងដៃគូអភិវឌ្ឍន៍ ដែលគាំទ្រយ៉ាងសកម្មលើសេវាអនាម័យក្នុងក្រុងសៀមរាប រួមមានដូចជា WB, ADB, AIMF, NIRAS, AGRISUD, GGGI, WaterAid, EDCF, JICA និង AFD ។

លោកនាយកគម្រោង ស្នើដល់អង្គសិក្ខាសាលាទាំងមូលប្រើប្រាស់ឱកាសដ៏មានសារៈសំខាន់នេះ ធ្វើការពិភាក្សាដោយបើកចំហ និងបែបស្ថាបនា ដើម្បីជាធាតុចូលក្នុងការកែតម្រូវ និងផលិតរបាយការណ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ក្រុង ដែលជាមគ្គុទេសក៍ក្នុងការធ្វើផែនការអភិវឌ្ឍលើសេវាគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប។

ក្នុងអង្គសិក្ខាសាលាក៏មានការចែកជូនសម្ភារ: បរិក្ខារសុវត្ថិភាព (PPE) ផងដែរដល់អង្គភាពគ្រប់គ្រងប្រព័ន្ឋលូ និងប្រព័ន្ឋចម្រោះទឹកកខ្វក់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង។

លោកនាយកគម្រោង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុលក្នុងការជជែកពិភាក្សា ចែករំលែកបទពិសោធន៍ និងចំណេះដឹងលើការងារប្រមូល និងចងក្រងទិន្នន័យលើការផ្គត់ផ្គង់ និងតម្រូវការសេវាកម្មគ្រប់គ្រងភក់បង្គន់ទាំងការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖