ព័ត៌មានទាន់ហេតុការណ៍៖

លោក វេង សាខុន អញ្ជើញបានបន្តដំណើរមកស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីមកសំណេះសំណាលជាមួយប្រជាពលរដ្ឋអញ្ជើញមកពីភូមិទាំង៤ ក្នុងឃុំគោកស្រុកចំនួន ៤០០នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃដដែល លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ លោកស្រី និងសហការី បានបន្តដំណើរមកស្រុកតំបែរ ខេត្តត្បូងឃ្មុំដើម្បីមកសំណេះសំណាលជាមួយប្រជាពលរដ្ឋអញ្ជើញមកពីភូមិទាំង៤ ក្នុងឃុំគោកស្រុកចំនួន ៤០០នាក់ ក្នុងបរិវេណវត្តពោធិសាវ័ន្ត ហៅវត្តថ្មី។ 

លោកតំណាងប្រធានគណកម្មាធិការគណបក្សឃុំគោកស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបដោយ សង្ខេបពាក់ព័ន្ធ ៖ 

១- សមិទ្ធផលសំខាន់ៗដែលឃុំគោកស្រុកសម្រេចបាន ក្រោមការជួយឧបត្ថម្ភគាំទ្រយ៉ាងអស់ពីចិត្ត យកអស់ស្មារតីទទួលខុសត្រូវខ្ពស់របស់ លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំគោកស្រុក ឃុំតំបែរ និងឃុំត្រពាំងព្រីង ព្រមជាមួយសហការី ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ច ជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ 

២- បានធ្វើសមកម្មភាពយ៉ាងសកម្មនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នៅទូទាំងឃុំគោកស្រុក ក្នុងរយ:ពេល ១៣កន្លងមក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។

៣- ផែនការសកម្មភាពនៃថ្ងៃបិទយុទ្ធនាការឃោសនានៅថ្ងៃស្អែក និងការត្រៀមលក្ខណសម្បត្តិពេញលេញនៅថ្ងៃទី៥ ដែលជាថ្ងៃបោះឆ្នោតចុងក្រោយ។ ឃុំគោកស្រុកសង្ឃឹមថានឹងទទួលបានជោគជ័យ ល្អប្រសើរ។ 

ថ្ងៃនេះ លោកប្រធានក្រុមការងារ ឆ្លៀតយកពេលវេលាដែលត្រូវបំពេញកាតព្វកិច្ចជូនប្រជាពលរដ្ឋនៅមូលដ្ឋានដោយធ្វើការពិនិត្យ តាមដាន និងវាយតម្លៃលើសមិទ្ធផលដែលក្រុមការងារចុះឃុំសម្រេចបាន និងស្វែងយល់បន្ថែមអំពីបញ្ហានៅសេសសល់ដែលបងប្អូនប្រជាពលរដ្ឋកំពុងប្រឈម និងមានសេចក្តីត្រូវការផ្សេងៗទៀត ចាំបាច់ត្រូវជួយឧបត្ថម្ភដើម្បីបន្តធ្វើការអភិវឌ្ឍមូលដ្ឋានឲ្យចំគោលដៅ និងឆ្លើយតបតាមតម្រូវការជាក់ស្តែង។ ក្នុងមនោសញ្ចេតនានឹករលឹក និងក្នុងនាមប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកតំបែរ លោកបានប្រើពេលវេលានេះធ្វើការសំណេះ សំណាលជាមួយបងប្អូនឃុំគោកស្រុក ដោយបាននាំយកមកជូនបងប្អូនប្រជាពលរដ្ឋនូវព័ត៌មានសំខាន់ៗមកជម្រាបជូន និងធ្វើការណែនាំ កែលម្អលើចំណុចខ្វះខាតមួយចំនួនទៀត ដែលមាន ខ្លឹមសារជាបន្តបន្ទាប់ដូចខាងក្រោម ៖

១- តើការផ្តល់សេវាសាធារណផ្សេងៗដូចជាប័ណ្ណពិនិត្យសុខភាព ប័ណ្ណ ឬសៀវភៅគ្រួសារ អត្តសញ្ញាប័ណ្ណ ការធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត និងមរណ:ភាព។ល។ យ៉ាងដូម្តេចដែរក្នុងរយ:ពេលកន្លងមក? 

២- តើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព មានលក្ខណ:ល្អប្រសើរត្រឹមកម្រិតណា? មានបញ្ហាអ្វីដែលត្រូវកែលម្អ ដូចជាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ល្បែងស៊ីសងគ្រប់ប្រភេទ គ្រឿងញៀន ចរាចរ បងធំបងតូចក្នុងភូមិ ឃុំ? និងជាពិសេសការទទួលបាននូវសេវាគោល នយោបាយ ក៣ ដែលឧបត្ថម្ភដោយក្រុមការងារ? 

៣- ស្នើសុំឲ្យបងប្អូនខិតខំស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ពិសេសការងារបង្កបង្កើនផល ដែលផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ឲ្យគ្រួសារ។ បងប្អូនត្រូវតែលើកកម្ពស់ជំហ៊ម្ចាស់ការ ខិតខំ ប្រឹង ប្រែងដោយខ្លួនឯង ហើយត្រូវប្តូរទម្លាប់គិត និងទម្លាប់ធ្វើ គ្រប់យ៉ាងដែលមិនរីកចម្រើន ទើបអាចដើរចេញពីភាពក្រីក្របាន។

៤- ត្រូវខិតខំយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ។ មាតា បីតា និងអាណាព្យាបាលត្រូវ លើកទឹកចិត្តបញ្ជូនឲ្យកូនចៅឲ្យទៅសាលា សិក្សារៀនសូត្រ។ 

៥- បន្តចុះជួយដោះស្រាយបញ្ហានៅមូលដ្ឋានឲ្យបានកាន់តែប្រសើរ និងត្រូវពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងក៣ និងផ្តល់សេវាសាធារណឲ្យបានល្អ ខ្ជាប់ខ្ជួន និងទាន់ពេលវេលា។ នៅមានភារកិច្ចជាច្រើនទៀតដែលក្រុមការងារថ្នាក់ជាតិ សហការជាមួយអាជ្ញាធរមូលដ្ឋានត្រូវបន្តចុះដោះស្រាយ និងអនុវត្តឲ្យកាន់តែល្អប្រសើរ ទាន់ពេលវេលា ទូលំ ទូលាយ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។ 

ចំពោះយុទ្ធនាការក្នុងរយ:ពេល ១៣ថ្ងៃកន្លងមក លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់គ្រប់បែបយ៉ាងរបស់ប្រធាន អនុប្រធាន បងប្អូនសមាជិក សមាជិកាគណបក្សទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ បង្កលក្ខណងាយស្រួលដល់យុទ្ធនាការនេះ។ ជាថ្មីម្តងទៀត លោកបានលើកទឹកចិត្ត និងជូនពរឲ្យសមាជិកបក្សគ្រប់ៗរូបទទួលបានសុខភាពល្អ សុវត្ថិភាព និងដណ្តើមបានជោគជ័យមកជូនគណបក្សយើង ក៏ដូចជាជូនខ្លួនយើង និងគ្រួសារយើងនៅថ្ងៃទី៥ ខាងមុខ “ជយោគណបក្សប្រជាជនកម្ពុជា ជយោសន្តិភាព និងការអភិវឌ្ឍ” ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ 

យកឱកាសជួបជុំប្រកបដោយមនោសញ្ចេតនានឹករលឹក លោកបានជូនពរឲ្យបងប្អូនប្រជា ពលរដ្ឋទទួលបានជ័យជំនះលើគ្រប់ភារកិច្ច គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សិលា


ចែករំលែក៖