ភ្នំពេញ៖ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបត់នៅចំណុចភ្លើងស្តុប ហើយបានទាក់ដៃចង្កូតម៉ូតូធ្វើឱ្យម៉ូតូដួលរួចរថយន្តនោះបានកិនស្រ្តីម្នាក់បែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ នៅចំណុចស្ថានីយប្រេងសូគីម៉ិច ត្រង់ភ្លើងស្តុបផ្លូវណតប្រ៊ីដ កែងផ្លូវលេខ ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ស្រីរងគ្រោះពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ទឹកប៊ិក ពាក់ស្លាកលេខឈ.១២០៣ភព១ ។ ចំណែករថយន្ត ក្រឡុកស៊ីម៉ង់ត៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ៥A-២១៥៨ ក្រោយកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តនិងម៉ូតូបានធ្វើដំណើរតាមផ្លូវលេខ២០០៤ ក្នុងទិសដៅពីកើតទៅលិចស្របទិសគ្នា។នៅពេលធ្វើដំណើរមកដល់កន្លែង កើតហេតុត្រង់ចំណុចភ្លើងស្តុប រថយន្តក៏បានបត់ស្តាំធ្វើឱ្យកៀរទាក់ដៃចង្កូតម៉ូតូស្រ្តីរងគ្រោះបណ្តាលឱ្យដួលបោកទៅលើដងផ្លូវ ត្រូវរថយន្តកិនចំកង់ក្រោយស្លាប់នៅនឹងកន្លែង ។ ភ្លាមៗនោះអ្នកបើកបរបានឈប់រថយន្តហើយចុះរត់គេចខ្លួន តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចនាំគ្នា ឃាត់ខ្លួនបាន ប៉ុន្តែដោយសារតែរថយន្ត ភ្លេចដាក់លេខខណៈនោះស្រាប់តែរអិល ថយក្រោយមកកិនស្រ្តីរងគ្រោះម្តងទៀត ហើយសមត្ថកិច្ចបានឱ្យអ្នកបើកបរឡើងបើករថយន្តចេញ ស្របពេលនោះ អ្នកបើកបរក៏បានរត់គេចខ្លួនឡើង ជិះរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងទៀតគេចបាត់ បន្សល់ទុកស្រ្តីរងគ្រោះស្លាប់នៅលើដងផ្លូវយ៉ាងអាណោចអាធ័ម។ បន្ទាប់មកសពនារីរងគ្រោះត្រូវរថយន្តដឹកបញ្ជូនទៅតម្កល់នៅឈាបនដ្ឋានវត្តទឹកថ្លាដើម្បីស្រាវជ្រាវរកបងប្អូន។ រីឯរថយន្តបង្ក និងម៉ូតូ ត្រូវបាននគរបាលបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បី ដោះស្រាយតាមច្បាប់៕
ដោយ៖ និនសុភ័ស្ត