ភ្នំពេញ៖ ដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ លេខាធិការដ្ឋាននៃ គ.ស.អ នៅថ្ងៃសៅរ៍ ៥កើត ខែជេដ្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ អនុប្រធានសេនាធិការ និងជាសមាជិកក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ តំណាង លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បានដឹកនាំក្រុមទី៣ ក្រុមប្រចាំបញ្ជារបស់លេខាធិការដ្ឋាននៃ គ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមប្រចាំការទី៣នេះ រួមមាន ៖ លោកឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ ប្រធាន និងលោកឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ អនុប្រធាន ព្រមទាំងអស់លោក មកពីតាមបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀតជាសមាជិក។
ក្រុមប្រចាំបញ្ជាមានតួនាទី ជាសេនាធិការជូនលេខាធិការដ្ឋាននៃ គ.ស.អ និងមានភារកិច្ចដូចខាងក្រោម ៖
-ជួយដល់លេខាធិការដ្ឋាននៃ គ.ស.អ ក្នុងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដល់ការបោះឆ្នោត ការអនុវត្តបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ទាំងមុន និងក្រោយបោះឆ្នោត ។
-ប្រមូលផ្ដុំព័ត៌មាន និងរបាយការណ៍ពីបណ្ដាលក្រសួង/ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងពីយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត ជុំវិញស្ថានការណ៍សន្តិសុខបោះឆ្នោត និងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពទូទៅ ដើម្បីរាយការណ៍ជូនប្រធានសេខាធិការដ្ឋាននៃ គ.ស.អ សុំការចង្អុលដឹកនាំបន្ត។
-តាមដានក្ដាប់ព័ត៌មាន និងសភាពការណ៍នានា ដែលបានកើតឡើងនៅតាមបណ្ដាលរាជធានី-ខេត្ត ទាំងមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ធ្វើការវិភាគ វាយតម្លៃ រាយការណ៍ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីចង្អុលដឹកនាំទៅអង្គភាពជំនាញធ្វើការដោះស្រាយបានទាន់ពេលវេលា។
-ធ្វើរបាយការណ៍រៀងរាល់ថ្ងៃ អំពីស្ថានការណ៍សន្តិសុខបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ជូនប្រធានលេខាធិការដ្ឋាននៃ គ.ស.អ ដើម្បីរាយការណ៍ជូនប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត ៕
ដោយ៖សហការី