ព័ត៌មានទាន់ហេតុការណ៍៖

Aston Villa ទិញបានខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពី Sevilla ក្នុងកិច្ចសន្យា៤ឆ្នាំ

ចែករំលែក៖

ក្លិប Aston Villa បានចុះហត្ថលេខាលើខ្សែការពារកណ្តាលប្រេស៊ីល Diego Carlos ពីក្លិប Sevilla ដែលជាការចុះហត្ថលេខាទី៣របស់ក្លិបចាប់តាំងពីចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករវ័យ២៩ឆ្នាំដែល Newcastle United បានព្យាយាមចុះហត្ថលេខាកាលពីខែមករារូបនេះបានយល់ព្រមលើកិច្ចសន្យារយៈពេល៤ឆ្នាំ។ អតីតកីឡាករ Nantes  Carlos រូបនេះបានជួយប្រេស៊ីលឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០នៅទីក្រុងតូក្យូ។

Carlos បាននិយាយថា “សូម្បីតែឥឡូវនេះខ្ញុំមិនអាចជឿថាខ្ញុំនៅទីនេះទេព្រោះវាជាសុបិនដើម្បីប្រកួតប្រជែងនៅ Premier League”។ ក្លិបបានប្រកាសថា ពួកគេបានចុះហត្ថលេខាលើកីឡាកររូបនេះក្នុងតម្លៃមិនបង្ហាញ បើទោះបីជាវាត្រូវបានរាយការណ៍យ៉ាងទូលំទូលាយថាតម្លៃនេះគឺ២៦លានផោន។

គ្រូបង្វឹកក្រុម Aston Villa លោក Steven Gerrard បានចុះហត្ថលេខាលើកីឡាករ Boubacar Kamara ពី Marseille រួចរាល់ហើយ លើការផ្ទេរដោយឥតគិតថ្លៃ ខណៈដែល Philippe Coutinho បានបញ្ចប់ការផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងតម្លៃ១៧លានផោនទៅកាន់ក្លិបបន្ទាប់ពីបញ្ចប់២០២១-២០២២ ក្នុងលក្ខខណ្ឌខ្ចីជើងនៅ Villa Park ។

សេចក្តីថ្លែងការណ៍របស់ក្លិប Aston Villa បានបញ្ជាក់ថា Carlos នឹងចូលរួមជាផ្លូវការនៅថ្ងៃទី១០ ខែមិថុនាខាងមុខដែលក្លាយជាកីឡាករចំណូលថ្មីទី៤របស់ក្លិបនេះសម្រាប់ប្រជែងក្នុងការប្រកួតពានរង្វាន់ Premier League រដូវកាលក្រោយក្រោមការដឹកនាំរបស់លោក Steven Gerrard ជាអតីតខ្សែប្រយុទ្ធក្រុម Liverpool ៕

ក្រុម Aston Villa បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៤ ក្នុងក្របខ័ណ្ឌ Premier League ក្នុងឆ្នាំ២០២១-២០២២។ កាលពីអតីតកាលក្លិបមួយនេះធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនរួមមាន FA Cup ៧សម័យ (ឆ្នាំ1886–1887, ឆ្នាំ1894–1895, ឆ្នាំ1896–1897, ឆ្នាំ1904–1905, ឆ្នាំ1912–1913, ឆ្នាំ1919–1920, ឆ្នាំ1956–1957), ពានរង្វាន់ League Cup/EFL Cup ៥សម័យ (ឆ្នាំ1960–1961, ឆ្នាំ 1974–1975, ឆ្នាំ1976–1977, ឆ្នាំ1993–1994, ឆ្នាំ1995–1996), ពានរង្វាន់ FA Charity Shield / FA Community Shield ចំនួន១ដង ឆ្នាំ១៩៨១, ពានរង្វាន់European Cup / UEFA Champions League ចំនួន១ដង ឆ្នាំ១៩៨១-១៩៨២, ពានរង្វាន់ European Super Cup / UEFA Super Cup ចំនួន១ដង ឆ្នាំ១៩៨២ និងពានរង្វាន់ Intertoto Cup ២សម័យកាល ក្នុងឆ្នាំ២០០១ និង២០០៨ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖