ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុន ចាន់ដា ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥រួច​

ចែករំលែក៖

ខេត្ត​កំពង់​ចាម ​៖​ លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណបក្ស និងក្រុមឃោសនិក បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥  ឆ្នាំ២០២២ ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។  

ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការ ដោយមានការចូលរួមពីសំណាក់សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្ត ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសមាជិក សមាជិកាជាច្រើនរូបទៀត នៅទីស្នាក់ការគណបក្សខេត្ត។

សូមជម្រាបថា​ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ បានចាប់ផ្ដើមដំណើរការចាប់ពីម៉ោង ៧ព្រឹករហូតដល់ម៉ោង៣រសៀល ដោយមានគណបក្សនយោបាយចំនួន១៧ បានចូលរួមប្រកួតប្រជែង ដោយដាក់បេក្ខជនក្រុមប្រឹក្សាឃុំ/សង្កាត់សរុប ៨៦,០៩២នាក់ ស្ត្រី ២៧,៨១៣នាក់។

ដោយឡែកឃុំ/សង្កាត់ ក្នុងអាណត្តិទី៥នេះ មានចំនួន ១,៦៥២ ហើយចំនួនក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលនឹងត្រូវជ្រើសរើសមកបម្រើការងារក្នុងឃុំ/សង្កាត់ទាំងអស់នេះ មានចំនួន ១១,៦២២រូប។

ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥នេះ មានការិយាល័យបោះឆ្នោតសរុបចំនួន ២៣,៦០២ ការិយាល័យ។ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុបចំនួន ៩,២០៥,៦៨១នាក់ ស្មើនឹង ៨៧,៩៤ ភាគរយនៃប្រជាជនកម្ពុជាទាំងអស់ ក្នុងនោះមានស្រីចំនួន ៤,៩០៤,៨៣២នាក់៕

ដោយ​៖សហការី​


ចែករំលែក៖