ភ្នំពេញ ៖ ទីបំផុត! សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញលិខិតសុំទោស ក្រោយពីមានការប្រតិកម្មពីលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា ពាក់ព័ន្ធការមិនយកចិត្តទុកដាក់លើក្រុមកីឡាករបាល់ទាត់កម្ពុជា។
សូមជម្រាបថា នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានព្រមានចេញពីរាជធានីភ្នំពេញ ចំពោះសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជា ដោយទុកតាមរយៈពេលឱ្យ៣ម៉ោង។
ចំពោះការព្រមានរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។
សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នៅវេលាម៉ោង១០យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។
គួរបញ្ជាក់ថា មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕
ដោយ៖សហការី