ភ្នំពេញ៖ លោក ឃួង ស្រេង ក្នុងនាមជាមន្ត្រីនៅថ្នាក់ក្រោមជាតិត្រូវបំពេញការងារឱ្យអស់ពីសមត្ថភាព អស់ពីកម្លាំងកាយចិត្ត និងមានការលះបង់ខ្ពស់ ជាមួយការងារដើម្បីធ្វើយ៉ាងណាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញអោយ កាន់តែល្អប្រសើរ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២២ នេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា ក្នុងនាមជាមន្ត្រីនៅថ្នាក់មូលដ្ឋានឬថ្នាក់ក្រោមជាតិ បើមិនមានការលះបង់ទេ យើងធ្វើការងារបម្រើប្រជាពលរដ្ឋមិនបានទេ ពិសេសមន្ត្រីនៅថ្នាក់រាជធានី , ខណ្ឌនិងសង្កាត់នេះហើយ ដោយយើងជាអ្នកនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ។ ការអនុវត្តការងារបែបនេះនឹងទទួលបានការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។ ជាក់ស្តែងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពិតជាបានបង្ហាញអោយឃើញហើយថា ដោយសារតែយើងបានលះបង់ បានយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋឆ្លើយតបមកវិញយ៉ាងល្អប្រសើរ នោះគឺការបោះឆ្នោតគាំទ្រ ឲ្យយើងបន្តការងារបម្រើពួកគាត់បន្តទៅមុខទៀត។
ក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំដល់មន្ត្រីធនធានមនុស្សនៃសាលារាជធានីភ្នំពេញទាំងអស់ត្រួតពិនិត្យមើលឱ្យបានច្បាស់លាស់ចំពោះស្មៀននៅតាមសង្កាត់ទាំង១០៥ ដើម្បីធ្វើយ៉ាងណាអោយការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋត្រូវតែល្អនិងត្រូវតែមានតម្លាភាព។ លោកក៏បានបញ្ជាក់បន្ថែមថា សម្រាប់មន្ត្រីនៅថ្នាក់ក្រោមជាតិនេះការបម្រើប្រជាពលរដ្ឋគឺត្រូវធ្វើឡើង មិនថាយប់ឬថ្ងៃឈប់សម្រាកឡើយ ។ មន្ត្រីយើងដែលបាននិងកំពុងបំពេញការងារ បើមានចំណុចណាដែលមិនចេះ មិនយល់ ត្រូវចេះសួរគេ ហើយការសួរនេះហើយ ការងារ យើងនឹងចេះអស់មួយជីវិត។
គួរបញ្ជាក់ថា ក្នុងពិធីនេះត្រូវបានតែងតាំងមន្ត្រីរាជការ ចំនួន ០៥ រូប ក្នុងរចនាសម្ព័ន្ធទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលារាជធានីភ្នំពេញ ក្នុងនោះរួមមាន៖ ១. លោក ហ៊ីម លីម៉េង តែងបានតាំងឲ្យកាន់ មុខតំណែងជានាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស ។ ២. លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជា នាយិការងនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។ ៣ លោក ឡុង តារា អោយកាន់ មុខតំណែងជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស ។៤. លោក គឹម ច័ន្ទអឿន ឱ្យកាន់មុខតំណែងជាអនុជាប្រធានការិយាល័យគ្រប់គ្រងបុគ្គលិក នៃទីចាត់ការគ្រប់គ្រង ធនធានមនុស្ស។៥កញ្ញា រដ្ឋា ចន្ទី ឱ្យកាន់ មុខតំណែងជាអនុប្រធានការិយាល័យកសាងសមត្ថភាពនៃទីចាត់ការ គ្រប់គ្រងធនធានមនុស្ស។
លោក ហ៊ីម លីម៉េង បានធ្វើការប្តេជ្ញាចិត្តថា៖ នេះជាឱកាសដែលពួកយើង បានបញ្ចេញសមត្ថភាព ដើម្បីបំរើ ក្រុមប្រឹក្សានិងគណៈអភិបាលរាជធានី ។ លោកសូមប្តេជ្ញាចិត្តថា នឹង គ្រប់គ្រងធនធានមនុស្សអោយកាន់តែមានប្រសិទ្ធភាព និងគ្រប់គ្រងប្រព័ន្ធការងារអោយកាន់តែល្អប្រសើរ លើកកំពស់សមត្ថិភាព ដើម្បីជាកម្លាំងស្នូលរបស់ស្ថាប័ននិងសាមគ្គីភាពផ្ទៃក្នុងអោយបានល្អបំផុត៕
ដោយ ៖ សំរិត