ប្រទេសស្វីស៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឡើងថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំលើកទី១១០ នៃសន្និសិទអន្តរជាតិខាងការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញនេះ(នៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ម៉ោងនៅប្រទេសស្វីស ត្រូវនឹងម៉ោង ៣ និង១៥ នាទីរសៀល ម៉ោងនៅកម្ពុជា)។ នេះបេីយោងតាមប្រភពព័ត៌មានពីលោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងកាលពីយប់មិញ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះលោក Gilbert Houngbo ដែលទទួលបានការគាំទ្រ និងជ្រើសតាំងជាអគ្គនាយកថ្មី នៃអង្គការអន្តរជាតិខាងការងារ ដែលនឹងចូលកាន់តំណែងនៅក្នុងខែតុលា ឆ្នាំ២០២២នេះ។
ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបណ្ឌិត អ៉ិត សំហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានកន្លងមករបស់អង្គការILO ដែលបានបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាប្រទេសជាសមាជិក តាមរយៈការដាក់ចេញនូវកម្មវិធីនានាក្នុងគោលបំណងលើកកម្ពស់យុត្តិធម៌សង្គម និងការងារសមរម្យជូនកម្មករនិយោជិតប្រកបដោយប្រសិទ្ធភាព។
ការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺកូវីដ-១៩ ជាសកល ចាប់តាំងពីឆ្នាំ២០១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងសកលលោក រួមទាំងការបាត់បង់ជីវិតមនុស្សរាប់សិបលាននាក់ ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូលផងដែរ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញជាបន្តបន្ទាប់ និងអនុវត្តប្រកបដោយជោគជ័យនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ១០ជុំ ដោយផ្តោតទៅលើមុខព្រួញ ចំនួន៤ គឺ៖ ១- ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ , ២- ការរក្សាលំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់បង់ការងារធ្វើ, ៣- ការខិតខំជួយឲ្យអស់លទ្ធភាព ដើម្បីធ្វើឲ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ, និង ៤- ការរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។
រាជរដ្ឋាភិបាលបានអនុវត្តនូវវិធានការដោះស្រាយផលប៉ះពាល់របស់និយោជក និងកម្មករនិយោជិត រួមមានការអនុញ្ញាតឲ្យរោងចក្រសហគ្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរអាចព្យួរកិច្ចសន្យាការងារ កម្មករនិយោជិតទទួលបានប្រាក់ជំនួយឧបត្ថម្ភ និងការបណ្តុះបណ្តាលជំនាញទន់ និយោជកទទួលបានការអនុគ្រោះចំពោះកាតព្វកិច្ចនានា និងការចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាស ការលើកកម្ពស់លក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ, ការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, ថែរក្សាសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ, និងផ្តល់កិច្ចគាំពារសង្គម ជូនដល់កម្មករនិយោជិតក្នុងស្រុក និងពលករទេសន្តរប្រវេសក៍កម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល, ច្បាប់ និងបទប្បញ្ញតិ្តជាតិជាធរមាន និងអនុសញ្ញា ILO ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី សូមគាំទ្រនូវអនុសាសន៍ដែលបានលើកឡើងក្នុងរបាយការណ៍របស់ លោក Guy Ryder អគ្គនាយកអង្គការ ILO ស្តីពី “ វិបត្តិការផ្លាស់ប្តូររចនាសម្ព័ន្ធការងារ និងអនាគតនៃការងារ” និងខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ស្តីពី “ការងារសមរម្យ សេដ្ឋកិច្ច សង្គម និងសាមគ្គីភាព” ក៏ដូចជា “ការអំពាវនាវជាសកល ដើម្បីចាត់វិធានការសម្រាប់ការស្តារឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្តោតលើកត្តាមនុស្សជាស្នូល ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់” ដែលនឹងរួមចំណែកសម្រេចបាននូវគោលដៅរួមនៃរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងអាណត្តិជាប្រវត្តិសាស្ត្ររបស់អង្គការILO ក្នុងការសម្រេចបាននូវយុត្តិធម៌សង្គម និងការងារសង្គមសម្រាប់គ្រប់គ្នា។
សម្រាប់កម្ពុជា អង្គការILO គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ តាមរយៈការបន្តអនុវត្តកម្មវិធីជាច្រើនជាអាទិ៍៖ គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់លក្ខខណ្ឌការងារ និងការអភិវឌ្ឍវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅកម្ពុជា។ ជាងនេះទៅទៀត កម្ពុជាបានកំពុងអនុវត្តកម្មវិធីការងារសមរម្យសម្រាប់កម្ពុជា បានចំនួន៥ ដំណាក់កាល ចាប់តាំងពីឆ្នាំ២០០៥មក។ ហើយក្នុងដំណាក់កាលទី៥ ឆ្នាំ២០១៩-២០២៣ ត្រូវបានរៀបចំឡើងស្របពេលគម្រប់ខួប៥០ ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា ជាមួយនឹងអង្គការ ILO។
រាជរដ្ឋាភិបាលកម្ពុជាសង្ឃឹមយ៉ាងមុតមាំថា តាមរយៈគោលការណ៍គ្រឹះរបស់ILO ដែលផ្តោតលើយន្តការត្រីភាគី និងកិច្ចសន្ទនាសង្គម នឹងអាចដោះស្រាយនូវបញ្ហាចំពោះមុខ និងសម្រេចបាននូវបេសកកម្មអង្គការអន្តរជាតិខាងការងារ ដើម្បីបន្តលើកកម្ពស់ការងារសមរម្យប្រកបដោយផលិតភាពសម្រាប់គ្រប់គ្នា៕
ដោយ៖សហការី