ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បបួលកូនឲ្យស្លាប់ជាមួយមិនស្លាប់បែជាយកសាំងចាក់ដុតសម្លាប់ខ្លួននៅវេលាម៉ោង១៧ និង៥៣ នាទីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចឡធ្យូង ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចប្រាប់ថា សពស្ត្រីរងគ្រោះឈ្មោះ ងួន ស្រីមុំ ភេទស្រី អាយុ ៥០ ឆ្នាំ រស់នៅ ភូមិសង្កាត់ខាងលើ ។
សមត្ថកិច្ចបន្ថែមថា បន្ទាប់ពីទទួលដំណឹងក្នុងករណីខាងលើបានចុះទៅដល់ចំណុចកើតហេតុក៏ឃើញសាកសពស្លាប់ក្នុងភ្នក់ភ្លើង លុះនៅវេលាម៉ោង៦និង៣០នាទី ក្រុមការងារបានបង្កើតគណៈកម្មការដោយមានការសម្របសម្រួល ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យសាកសព មានការចូលរួមគ្រប់មន្ត្រីជម្នាញស្ថាប័នអាជ្ញាធរក្នុងមូលដ្ឋាន។
តាមការសាកសួរបំភ្លឺពីឈ្មោះ ជុំ សុខខេង ភេទប្រុសអាយុ ៥២ឆ្នាំរស់នៅភូមិបាលិលេយ្យ ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ បានរៀបរាប់ថា នៅថ្ងៃទី ៩ ខែមិថុនាឆ្នាំ២០២២ ពីវេលាម៉ោង ១៥ និង ៣០ នាទីនាងខ្ញុំកំពុងអង្គុយលក់ដូរនៅផ្ទះស្រាប់តែលឺសំឡេងក្មេងប្រុសអាយុ ១២ ឆ្នាំបានស្រែកថាអ៊ុំលក់កាហ្វេជួយផងម៉ែខ្ញុំបង្ខំឱ្យខ្ញុំលេបថ្នាំកណ្ដុរ ខ្ញុំមិនចង់ស្លាប់ទេ បន្ទាប់មកពួកខ្ញុំនឹងអ្នកជិតខាង បាននាំគ្នាទៅមើលស្រាប់តែឃើញឈ្មោះ ងួន សុខមុំ (សាកសព)ភេទស្រីអាយុ ៥០ ឆ្នាំកំពុងយកថ្នាំកណ្ដុរ បញ្ចុក កូនហើយពួកខ្ញុំក៏បាននាំគ្នាជួយចាប់គាត់យកក្មេងចេញ ។ ចំណែកឈ្មោះ សុខមុំ បានលេបថ្នាំកណ្ដុរអស់ខ្លះហើយគាត់បានជិះម៉ូតូឌុបចេញទៅក្រៅបានប្រហែល ២០ នាទីស្រាប់តែលឺអ្នកភូមិនិយាយថាឈ្មោះ សុខមុំ បានដុតខ្លួនឯងស្លាប់បាត់ហើយ។
តាមការសាកសួរបំភ្លឺពីឈ្មោះ ចាយ មែង ភេទប្រុសអាយុ ៦៤ ឆ្នាំត្រូវជាប្ដីសពរងគ្រោះបានរៀបរាប់ថា : កាលពីថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២២ ខ្ញុំបាទបានយកប្រពន្ធទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបុរី ដល់ថ្ងៃទី ៩ ខែមិថុនាឆ្នាំ ២០២២ ខ្ញុំបានត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះវិញប្រពន្ធខ្ញុំបាទបានប្រមូលឯកសារសំបុត្រកំណើតយកទៅដុតចោល ឃើញដូចនេះខ្ញុំបានទៅហាមឃាត់ តែគាត់អត់ព្រមរួចចាប់ក្របួចកអាវខ្ញុំព្រមទាំងទាញកាំបិតដេញកាប់ខ្ញុំ ខ្ញុំក៏រត់ទៅតូបលក់គ្រឿងក្រអូបរបស់កូនលុះបានប្រហែលកន្លះម៉ោងក្រោយមកស្រាប់តែមានម៉ូតូឌុបឈ្មោះតាអាន បានប្រាប់ខ្ញុំថាប្រពន្ធខ្ញុំបានចាប់កូនប្រុសឈ្មោះ យឿងវឌ្ឍនា បញ្ច្រកថ្នាំកណ្ដុរ តែខ្ញុំមិនបានមកទេ ។ លុះប្រហែល ២០ នាទីក្រោយកូនបានទូរស័ព្ទប្រាប់ខ្ញុំថាម្តាយបានចាក់សាំងដុតខ្លួនឯងហើយ ពេលនោះខ្ញុំបានជិះម៉ូតូមកមើលក៏ឃើញប្រពន្ធខ្ញុំឆេះស្លាប់បាត់ទៅហើយ ។
សមត្ថកិច្ចបញ្ជាក់ថាៈ តាមការត្រួតពិនិត្យកន្លែងកើតហេតុ: កន្លែងកើតហេតុស្ថិតនៅក្នុព្រៃល្បាស់ចំណុចដីឡូតិ៍ទំនេរ នៅខាងជើងសាកសពចំងាយប្រវែង១,២០ម៉ែត្រ មានដបសាំង១ចំណុះ១លីត្រ (ដបកែវ ) នៅខាងកើតសាកសពចំងាយប្រវែង ៣០សង់ទីម៉ែត្រមានដែកកេះពណ៌លឿង១។
តាមការត្រួតពិនិត្យសាកសព : សាកសពមានសភាពឆេះខ្លោចផ្នែកខាងមុខ តែពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ករណីឃាតកម្មនោះឡើយ។
ក្រោយពី ការសន្និដ្ឋានរបស់គណ:កម្មការ :យោងតាមការសាកសួរបំភ្លឺពីអ្នកជិតខាង និងប្តីសាកសព យោងតាមការត្រួតពិនិត្យស្រាវជ្រាវ របស់មន្ត្រីជំនាញជុំវិញកន្លែងកើតហេតុ និងសាកសព ដោយមានការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ព្រំ គឹមហៀងគ្រូពេទ្យកោសល្យវិច័យនៃមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតបានសន្និដ្ខានថា : សាកសពបានធ្វើអត្តឃាតដោយយកសាំងចាក់ដុតសម្លាប់ខ្លួនឯង ។ សាកសពពុំមានស្លាកស្នាមអ្វីពាក់ព័ន្ធនិងអំពើឃាតកម្មឡើយ ។ ក្រុមគ្រួសារស្នើសុំយកសាកសពទៅធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ជំនាញស្នើសុំប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណា