ភ្នំពេញ ៖ ជំងឺគ្រុនឈាមក្នុងអំឡុង២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មានចំនួន១,៣៥៤ករណី ក្នុង នោះស្លាប់ចំនួន៣ករណី។ នេះបើយោងតាមក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មានស្តីពីស្ថានភាពជំងឺគ្រុនឈាម នៅព្រះរាជាណាចក្រកម្ពុជា ពីខែ មករា-ឧសភា ឆ្នាំ២០២២។
នៅព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ទាំងអស់មេត្តាជ្រាបថា ជំងឺគ្រុនឈាមក្នុងអំឡុង២២សប្តាហ៍ដើមឆ្នាំ២០២២នេះ មានចំនួន១,៣៥៤ករណី ក្នុង នោះស្លាប់ចំនួន៣ករណី។ ករណីគ្រុនឈាមបានកើនឡើងជាង១០០% បើធៀបនឹងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា។
យោងតាមលទ្ធផលការអង្កេតបាណកសាស្ត្រ រួមផ្សំនឹងកត្តាអាកាសធាតុដែលកំណើនទឹកភ្លៀងក្នុង អំឡុងពេលដើមឆ្នាំនេះ អាចសន្និដ្ឋានបានថា ចំនួនជំងឺគ្រុនឈាមនឹងប្រឈមការកើនឡើងកាន់ខ្លាំងក្នុងរដូវវស្សា នេះនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេសខេត្តដែលមានកំណើនការសាងសង់អគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅច្រើនកុះករ។
ជំងឺគ្រុនឈាមអាចកើតលើមនុស្សគ្រប់វ័យ វាបង្កឡើងដោយសត្វមូសខ្លាញីខាំបឺតឈាមចម្លង មេរោគ គ្រុនឈាម ពីមនុស្សម្នាក់ទៅម្នាក់ទៀត។ សត្វមូសខ្លាបង្កបង្កើតកូនចៅនៅក្នុងទឹកថ្លា ស្អាត និងចូលចិត្តរស់នៅ ជិតមនុស្ស វាហើរបានចម្ងាយមិនលើសពី១៥០ម៉ែត្រ ពីទីកន្លែងកកើត។
យោងតាមការស្រាវជ្រាវផ្នែកបាណកសាស្ត្ររបស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ (ម.គ.ច) រួមសហការជាមួយមន្ទីរសុខាភិបាល រាជធានី-ខេត្ត បានបញ្ជាក់ឲ្យឃើញថា សត្វមូសខ្លាចូលចិត្តពងបង្កបង្កើតកូនចៅ នៅក្នុងសំបកកង់ឡាន និង សំបកកង់ម៉ូតូចាស់ៗ ១១ដង ច្រើនជាង វត្ថុដាក់ទឹកសំរាប់ប្រើប្រាស់ផ្សេងៗ។ ការសិក្សារបស់កម្មវិធីជាតិប្រយុទ្ធ នឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ កន្លងមក នេះ បានបង្ហាញថា ជំងឺគ្រុនឈាមក្នុងរដូវវស្សាកើនឡើងច្រើនជាង២ដង បើធៀបនឹងចំនួន ករណីក្នុងរដូវប្រាំង ហើយមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងកត្តាអាកាសធាតុដូចជា កំដៅ ចំនួនទឹកភ្លៀង និងសំណើម។
មកដល់ពេលនេះតួនាទីរបស់យើងជាប្រជាពលរដ្ឋគឺចូលរួមពង្រឹង និងការអនុវត្តវិធានបី និងបី ការពារពីជំងឺកូវីដ-១៩ ហើយដើម្បីការពារសុខភាពជៀសផុតពីការឆ្លងជំងឺគ្រុនឈាម ដោយសារសត្វមូសខ្លាញី ខាំឲ្យកាន់តែមានប្រសិទ្ធភាពនោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូម អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វ មូស ដោយប្រកាន់ខ្ជាប់នូវគោលជំហរជាប្រជាជនគម្រូមួយរូប ស្របនឹងពាក្យស្លោក “ ខ្ញុំ និងគ្រួសារខ្ញុំ ជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំ គ្មានដង្កូវទឹក” តាមរយៈការអនុវត្តន៍នូវវិធានការដូចខាងក្រោម។
វិធានការទី១ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្ម ចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ ជាដើម ដោយការផ្លាស់ប្ដូរទឹក និងលាងសម្អាតជាប្រចាំឲ្យបានយ៉ាងតិចមួយដង ក្នុងមួយអាទិត្យ ឬត្រូវគ្របគម្រប ឲ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំបាណកឃាដសម្លាប់ ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងដែលអាចចិញ្ចឹមបាន។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេធ័រ ត្រូវកប់ ដុត កំទេចចោល ឬ ទុកដាក់ឲ្យមានរបៀប ដើម្បីកុំឲ្យមាន ទឹកដក់។
វិធានការទី២ ៖ សូមឲ្យម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុង បំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថាន ឲ្យបានស្អាតនៅក្នុងបរិវេណការដ្ឋាន សំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារសំណង់ដែល អាចដក់ទឹកនៅក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីការពារកុំឲ្យដក់ទឹក លុបបំបាត់ប្រភព និងជម្រកមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ហើយអាចរាតត្បាតដល់ប្រជាជនទាំងអស់ ដែលរស់នៅចម្ងាយ១៥០ម៉ែត្រ ជុំវិញការដ្ឋានសំណង់នោះ។ ទន្ទឹមគ្នានេះដែរ មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវសហការជាមួយ អាជ្ញាធរពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យនៅតាមការដ្ឋានសំណង់ ជំរុញអនុវត្តការងារនេះឲ្យមានប្រសិទ្ធភាព ដើម្បី ចូលរួមកាត់បន្ថយអត្រាឈឺ និងស្លាប់ដោយសារជំងឺគ្រុនឈាម។
វិធានការទី៣ ៖ អាជីវករ និងម្ចាស់អាជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ “សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះ ឲ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក” ដោយមិនត្រូវទុកចោលពាស វាលពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លង ជំងឺគ្រុនឈាមកើនឡើង
និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។ វិធីសាស្ត្រក្នុងការគ្រប់គ្រងសំបកកង់ ដោយសុវត្ថិភាពគ្មានសត្វមូសកកើត គឺត្រូវ ដាក់គរត្រួតលើគ្នា គ្របដោយបន្ទះប្ដីជិត ឬស្បៃមុង ឬចាក់ប្រេង ម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូល ដើម្បីការពារកុំឲ្យមានដក់ ទឹក ដែលបង្កទៅជាប្រភពកកើត និងជាជម្រកមូសខ្លា។
វិធានការទី៤ ៖ ត្រូវប្រកាន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ផ្ទះមានពន្លឺចេញចូល ទុកដាក់របស់របរ សំលៀកបំពាក់ក្នុងក្រៅផ្ទះឲ្យមានសណ្តាប់ធ្នាប់ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់ បន្ថយជម្រកសត្វមូសមកតោងជ្រកទុំជិតខ្លួនយើង ហើយដែលអាចងាយនឹងខាំយើង។ អំឡុងពេលថ្ងៃ គឺចាំបាច់ ត្រូវស្លៀកសំលៀកបំពាក់មានដៃវែងជើងវែង សម្រាន្តក្នុងមុងជាប្រចាំ ទាំងថ្ងៃ ទាំងយប់ និងមិនត្រូវអង្គុយលេងនៅ ជិតទីកន្លែងងងឹតៗនោះទេ។
វិធានការទី៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និង ព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតកជាបន្ទាន់ (មិនឲ្យ យឺតជាង៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន) ហើយ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅខ្លាំងភ្លាមៗនះដោយខ្លួន ឯង ឬពន្យារពេលតាមដានព្យាបាលជំងឺក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឲ្យសោះ ។
ជំងឺគ្រុនឈាម អាចនឹងសម្លាប់អ្នកជំងឺបានគ្រប់ពេល ប្រសិនបើមិនបានទៅទទួលការព្យាបាលនៅសេវាសាធារណៈ ដែលមានការបណ្តុះបណ្តាលត្រឹមត្រូវ ឲ្យបានទាន់ពេលវេលា ឬក៏សាកល្បងព្យាបាលនៅសេវាឯកជន ដែលមិន មានចំណេះជំនាញខាងជំងឺគ្រុនឈាម ឬបើអ្នកជំងឺមានការប្រើប្រាស់ប្រភេទថ្នាំអាស៊ីរីន។
វិធានការទី៦ ៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវបន្តផ្តល់ការបណ្តុះបណ្តាលដល់គូ ពេទ្យព្យាបាលទាំងសេវារដ្ឋ និងសេវាឯកជន អំពីរបៀបធ្វើរោគវិនិច្ឆ័យ-ព្យាបាល-ថែទាំអ្នកជំងឺគ្រុនឈាម មុន និង អំឡុងរដូវភ្លៀង។ សម្រាប់សេវាឯកជន ដែលមិនមានចំណេះជំនាញ សម្ភារ និងឧបករណ៍ត្រឹមត្រូវ សម្រាប់ធ្វើរោគ វិនិច្ឆ័យ-ព្យាបាល-ថែទាំជំងឺគ្រុនឈាម គឺក្រសួងសុខាភិបាលមិនអនុញ្ញាតឲ្យទទួលការព្យាបាលជំងឺគ្រុនឈាមនេះ ឡើយ ហើយត្រូវតែបញ្ជូនជាបន្ទាន់មកមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត។
វិធានការទី៧ ៖ គ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ត្រូវចាត់ចែងការផ្តល់សេវា និងកន្លែង សម្រាកព្យាបាលជំងឺគ្រុនឈាមនៅក្នុងមន្ទីរពេទ្យឲ្យបានល្អ និងត្រូវបញ្ចូនអ្នកជំងឺទៅមន្ទីរពេទ្យផ្សេងទៀត ក្នុង ករណី ដែលមានករណីជំងឺគ្រុនឈាមច្រើនហួសសមត្ថភាពនៅក្នុងមន្ទីរពេទ្យណាមួយ ដោយមិនទុកឲ្យមានការ យឺតយ៉ាវក្នុងការទទួលបាននូវសេវាពិនិត្យ និងព្យាបាលឡើយ។
ក្រសួងសុខាភិបាល សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការសុខភាព ពិភពលោក អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់ បន្តចូលរួមជួយអន្តរាគមន៍ និង សហការពេញលេញ ព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ក៏ដូច ជាជួយដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដើម្បីទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមនៅតាមសហគមន៍ ឲ្យកាន់ត មានប្រសិទ្ធភាពខ្ពស់ ដើម្បីចៀសផុតពីជំងឺគ្រុនឈាមដែលអាចនឹងផ្ទុះឡើងបានគ្រប់ពេលនេះផងដែរ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្ត ទុកដាក់ អនុវត្តតាមការណែនាំខាងលើ និងសូមប្រសិទ្ធិពរជ័យ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យទទួល បាននូវ សុខភាពល្អទាំងអស់គ្នា ចៀសផុតពីការចម្លងជំងឺគ្រុនឈាម ៕
ដោយ ៖ សិលា