ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបត់ឆ្វេងត្រូវរថយន្តបុកបញ្ច្រាសបណ្តាលឱ្យរបួសធ្ងន់ម្នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តម៉ាកកាមរី ពណ៌ឈាមជ្រូកមួយគ្រឿងបានពន្លះម៉ូតូដែលបើកបត់ឆ្វេងមិនប្រយ័ត្នយ៉ាងពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងក្បាលព្រលប់។

   ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីព្រលប់ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល។

    យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលរងរបួសធ្ងន់មានឈ្មោះសូម សំណាង អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃគាវ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១S-៤៨៥៩រងការខូចខាតយ៉ាងដំណំ។

    ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់ឈ្មោះនោះទេ ខណៈឃើញសភាពការណ៍មិនស្រួលបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ភ្លាមៗ។

   បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១៣ ពាក់ស្លាកលេខភ្នំពេញ ១S-៤៨៥៩ក្នុងទិសដៅពីជើងទៅត្បូងហើយក៏បានបត់ឆ្វេងខ្វះប្រុងប្រយ័ត្នស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរី ពណ៌ឈាមជ្រូក  ពាក់ស្លាកលេខ ភ្នំពេញ ២B-៣៩៦៤ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

   ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖