ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែងមួយរូបបានបើករថយន្តកាមរីហាយប្រ៊ីដមកឈប់ភ្លើងស្តុបក៏ស្រាប់តែត្រូវរថយន្តហាយឡេនឌ័រមួយគ្រឿងមកបុកពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រ កែងមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្ដែងមួយរូបបើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BQ-5500 រួមដំណើរជាមួយប្រពន្ធនិងកូន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ចាំភ្លើងស្តុប ខណៈនោះក៏ស្រាប់តែមានរថយន្តហាយឡេនឌ័រមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AO-0285 ជិះជាលក្ខណៈគ្រួសារមានប្រុសស្រីក្មេងចាស់ប្រមាណជា៤នាក់ ធ្វើដំណើរមកពីក្រោយស្របទិសដៅគ្នាបានជ្រុលទៅបុករថយន្តកាមរីហាយប្រ៊ីដពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្តកាមរីហាយប្រ៊ីដរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ ចំណែករថយន្តហាយឡេនឌ័ររងការខូចខាតផ្នែកខាងមុខបន្តិចបន្តួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងបានឱ្យភាគីទាំងសងខាងធ្វើការសម្រុះសម្រួលគ្នាអស់រយៈពេលជាងមួយម៉ោងទើបភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយភាគីរថយន្តហាយឡេនឌ័របានចេញសំណងចំនួន១០០០ដុល្លារទៅឱ្យភាគីរថយន្តកាមរីហាយប្រ៊ីដ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ