ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនជនសង្ស័យជាអ្នកសារព័ត៌មានម្នាក់ទៅតុលាការពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យម្នាក់ដែលជាអ្នកសារព័ត៌មានទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀននាព្រឹកទី១២ ខែមិថុនា ឆ្នាំ២០២២។

    យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សុធា សន្និវាស អាយុ៣៣ឆ្នាំ មុខរបរអ្នកសារព័ត៌មាន រស់នៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

    ចំណែកវត្ថុតាងដែលប្រមូលបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ មានទម្ងន់ថ្នាំសុទ្ធ៧,២៥ក្រ., ម៉ូតូចំនួន០១គ្រឿង, ទូរស័ព្ទចំនួន០២គ្រឿង, បណ្ណសារព័ត៌មានចំនួន ០៤សន្លឹកនិងកាបូបស្ពាយពណ៌ខ្មៅចំនួន ០១។  ប្រភពបន្តថា កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ក្រោយទទួលបានបទបញ្ជាពីលោកសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តស្វាយរៀងទៅសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង ដឹកនាំដោយលោក ស្រី វុត្ថា មេបញ្ជាការរងទទួលការងារជំនាញ ដោយមានការសម្របសម្រួលនីតិវិធីដោយលោកដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចុះបង្រ្កាបមុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅចំណុចភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជាអ្នកសារព័ត៌មានរួមទាំងវត្ថុតាងមួយចំនួនផងដែរ៕

ដោយ៖យឹម សុថាន


ចែករំលែក៖