ព័ត៌មានទាន់ហេតុការណ៍៖

វត្តមានសត្វត្មាតភ្លើង៧ក្បាល និងសត្វត្មាតប្រផេះ ២ក្បាលនៅដែនជម្រកសត្វព្រៃស្រែពក

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមា ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ដោយមានការគាំទ្រពីអង្គការWWF បានផ្តល់របាយការណ៍កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញ ត្មាតភ្លើងចំនួន០៧ក្បាល និងបានឃើញត្មាតប្រផេះចំនួន០២ក្បាល ។ 

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលក្រុមសិក្សាស្រាវជ្រាវបានប្រទះឃើញវត្តមានសត្វត្មាតប្រផេះក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ  ដែលពីមុនមកយើងបានឃើញ តែសត្វត្មាតភ្លើងប៉ុណ្ណោះ។ 

ត្មាតប្រផេះ ( White-rumped Vulture ) ៖ វាមានរោមដងខ្លួនពណ៏ប្រផេះ ឬពណ៏ដូចផេះ ( ពណ៌ស្រាលជាងត្មាតភ្លើងបន្តិច ) ដូច្នេះហើយ បានដូនតាខ្មែរហៅវាថា ត្មាតផេះ រីឯសត្វនេះខ្លះនៅផ្នែកខាងក្រោមទ្រូងរបស់វាមានពណ៌ប្រផេះស្រាលលាយពណ៌ឆ្នូតតិចៗ។ប៉ុន្តែនៅលើ-ករបស់វាមានពណ៌សតូចៗ ដុះពីក្រាស់ទៅស្តើងទៅៗនៅលើក្បាល ដោយបន្សល់ទុកផ្នែកកដល់មុខដែលមានស្បែកពណ៌ក្រមៅ ស្រអាប់។ ត្មាតផេះមួយ ចំនួនធំក៏គ្មានរោមក និងក្បាលដែរ ។មាឌនិងទំហំរបស់វាគឺប្រហាក់ប្រហែលទៅនឹងត្មាតភ្លើងដែរ។

ត្មាតភ្លើង (Red headed vulture ) ៖ វាមានរោមដងខ្លួនពណ៌ក្រមៅ និងក្បាលស្មើតែគ្មានរោម (គឺមានតិចបំផុត ) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹក ត្រចៀក ទាំងសងខាងផងក៏ពណ៌ក្រហមដែរ។

វាទម្ងន់ចន្លោះពី៣,៥០ គ.ក្រដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួន ប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ ចុងស្លាបម្ខាងទៀត២ម.ដល់២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។ វាជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត ។

តាមការអង្កេតតាមដានសកម្មភាពរបស់វានៅក្នុងធម្មជាតិ ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាបជានិច្ច (ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ) ឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលអោយត្មាតផ្សេងៗទៀតស៊ីមួយ សន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងជាវាគិតពីសុវត្តិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាតឯទៀតក៏តែងទុកចន្លោះកន្លែងអោយវាចូលស៊ីជានិច្ច ៕

ដោយ៖ សូរិយា


ចែករំលែក៖