ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រី០២នាក់ម្នាក់អាយុ១៣ឆ្នាំនិងម្នាក់ទៀតអាយុ១៤ឆ្នាំ បានបាត់បង់ជីវិតបន្ទាប់ពីជិះទូកលេងលិចទូកក្នុងអាងពន្លៃ ស្រុកភ្នំស្រុក ។
លោកអធិការនគរបាលស្រុកភ្នំស្រុក វរសេនីយ៍ទោ ប៉ិក គឹមហ៊ាក និយាយថា៖នៅម៉ោង៥ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ មានក្មេងស្រី០២នាក់ បានបាត់បង់ជីវិត នៅចំណុចអាងទឹកពន្លៃ ស្ថិតក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ខណៈពេលជិះទូកត្នោតលេង ហើយទូកបានក្រឡប់។
លោកអធិការបានបញ្ជាក់ថា៖ក្មេងរងគ្រោះទាំង០២នាក់៖១-ឈ្មោះ ជួប សុជាតា ភេទ ស្រី អាយុ១៣ឆ្នាំ នៅភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ។២-ឈ្មោះ មាន ឡាលីន ភេទ ស្រី អាយុ១៤ឆ្នាំ នៅភូមិ ស្រះជីក ឃុំ ស្រះជីក ស្រុកភ្នំស្រុក ។ ជនរងគ្រោះមានគ្នីគ្នា៧នាក់ បានជិះរថយន្ត១គ្រឿង ចេញពីទីរួមស្រុកឆ្ពោះទៅលេងទឹកអាងពន្លៃ ពេលទៅដល់បាននាំគ្នាជិះទូកត្នោតទាំងអស់គ្នា ពេលនោះទូកក្រឡាប់បានធ្លាក់មនុស្សចូលក្នុងទឹកបណ្តាលឱ្យលង់ទឹកស្លាប់ចំនួន២នាក់ ដែលមិនចេះហែល ចំណែក០៥នាក់ទៀតចេះហែលបានរួចពីការស្លាប់។ក្រោយពីកើតមានហេតុការណ៍នេះ ភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌនិងកម្លាំងប៉ុស្តិ៍សហការណ៍ជាមួយអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យកន្លែងកើតហេតុនិងសាកសពឃើញថាក្មេងទាំង២នាក់ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ ក្រោយពីពិនិត្យសព បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកស្តាយ៕
ដោយ ៖ វណ្ណា