ខេត្តក្រចេះ ៖ រថយន្តធុនធំមួយគ្រឿងដឹកជ័រកៅស៊ូបើកបរក្នុងល្បឿនលឿនបានរេចង្កូតហើយក៏ជ្រុលទៅបុកនិងស្ថានីយ៍ថ្លឹងរថយន្តកាំពីរួចបន្តល្បឿនទៅធ្លាក់ចូលប្រឡាយទឹកបន្ថែមទៀតបណ្តាលឱ្យព្រូឡានម្នាក់បោកក្បាលស្លាប់ភ្លាមៗតែម្តងមួយរំពេច ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តធុនធំបុកស្ថានីយ៍ថ្លឹងរថយន្តនោះបានកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២២ត្រង់ចំណុចស្ថានីយ៍ជញ្ជីងរថយន្តមួយកន្លែងក្នុងភូមិដីសម្បទានសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ប្រភពបានឱ្យដឹងថារថយន្តបង្កនោះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 3C-9341ហើយបានធ្វើដំណើរបើកបរមកពីខេត្តរតនគិរីដឹកជ័រកៅស៊ូលុះមកដល់ចំណុចកើតហេតុអ្នកបើកបរងងុយដេកងោកមួយភាំងទើបធ្វើឱ្យរថយន្តរេចង្កូតទៅបុករះនឹងរបងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះតែម្តង។
ហើយថយន្តនោះក៏នៅមានល្បឿនជ្រុលបន្តទៅធ្លាក់ចូលប្រឡាយទឹកទៀតក្រឡាប់បណ្ដាលឱ្យព្រូឡានម្នាក់ស្លាប់ភ្លាមៗនៅក្នុងរថយន្តនោះភ្លាមដែរខណៈដែលមិនបានពាក់ខ្សែក្រវ៉ាត់នោះទេ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកចិត្របុរីបានឱ្យដឹងថាអ្នកបើកបររថយន្តនោះឈ្មោះ ទុយ ភារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំមានទីលំនៅភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ឯព្រូឡានស្លាប់នោះ ឈ្មោះ រដ្ឋ មានិត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិទីបួន ឃុំកាចាញ ក្រុងបានលុង ខេត្តរតនគិរី ។
ក្រោយកើតហេតុប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅក្បែរនោះក៏បានជួយអន្តរាគមន៍ភ្លាមៗដែរដើម្បីជួយទាញយកសពចេញពីរថយន្តរង់ចាំប្រគល់ជូនទៅក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ជីវ័ន្ត