ភ្នំពេញ ៖ រថយន្ត Mazda មួយគ្រឿង បានជ្រុលទៅបុករថយន្ត Lexus RX330 មួយគ្រឿងទៀតយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងសងខាងរងការខូចខាតយ៉ាងដំណំដូចគ្នា តែសំណាងល្អមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨ និង៣៥នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាក Lexus RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល 2E-7576បើកតាមបណ្ដោយមហាវិថីព្រះមុនីវង្សក្នុង ទិសដៅពីត្បូងទៅជើងដោយល្បឿនមធ្យម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាក Mazda ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1415 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះមុនីវង្សពីត្បូងទៅជើងស្របទិសគ្នា ក្នុងល្បឿនលឿនគួរសម ក៏ស្រាប់តែជ្រុលទៅបុករថយន្ត Lexus RX330 ពីក្រោយពេញទំហឹងបណ្ដាលឱ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំដូចគ្នា តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុខាងលើ រួចឱ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយភាគីខាងរថយន្ត ម៉ាក Mazdaជាអ្នកបង្កបានយល់ព្រមសងសំណងទៅឱ្យភាគីខាងរថយន្តម៉ាក Lexus RX330 រងគ្រោះយករថយន្តទៅជួសជុលឱ្យល្អដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ