ខេត្តកំពង់ស្ពឺ ៖ មនុស្សពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូគេចជង្ហុករេចង្កូតជ្រុលបុករថយន្តត្រង់ចំណុចភូមិអូរឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៤៖៤៥នាទីល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះទីមួយឈ្មោះអូន ស្រីកែវ ភេទស្រីអាយុ១៨ឆ្នាំស្លាប់ រស់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារមានអំពៅ រាជធានីភ្នំពេញ និងអ្នករួមដំណើរមិនស្គាល់អត្តសញ្ញាណភេទស្រីអាយុជាង១៩ឆ្នាំស្លាប់នៅនឹងកន្លែងដូចគ្នា។
បើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៤ពាក់ស្លាកលេខភ្នំពេញ១HB- ៨៨២៦បើកបរពីទិសខាងលិចទៅទិសខាងកើត មកដល់ចំណុចកើតហេតុខាងលើរេចង្កូតគេចក្រឡុកជ្រុលទៅបុករថយន្តចតនៅលើចិញ្ចើមផ្លូវចំហៀងខាងស្តាំម៉ាកMISUBISHI ក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ៣A-១៩៦៤(ចង្កូតស្តាំ) អ្នកបើកបរមិនស្គាល់អត្តសញាណ ។
ប្រភពបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានហៅរថយន្តសាមុយដឹកសពជនរងគ្រោះទៅតម្កល់នៅមន្ទីរពេទ្យស្រុកបសេដ្ឋរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី។
វត្ថុតាងទាំងពីរគ្រឿងខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋដើម្បីដោះស្រាយតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា