ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបញ្ជាក់ពីការចូលកៀកតាមរយៈកិច្ចការបរទេសជាមួយកូរ៉េខាងជើង

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រកាសក្រោយជំនួបពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូងនៅថ្ងៃទី ១៣ខែមិថុនាថា អាមេរិកបន្តដាក់គំនាបទៅលើរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង រហូតដល់ប្រទេសកូរ៉េខាងជើងផ្លាស់ប្តូរពីគោលជំហររបស់ខ្លួន ។ ទន្ទឹមនឹងនោះអាមេរិក នៅតែបន្តអនុវត្តគោលនយោបាយការទូតជាមួយប្រទេសតំបន់អាស៊ីភាគឦសានមួយនេះ ។
ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើងរហូតដល់ទីក្រុងព្យុងយ៉ាងយល់ព្រមបកក្រោយ ខណៈដែលសមភាគីកូរ៉េខាងត្បូងរបស់លោកជំរុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួនដើម្បីបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក ប្ល៊ីនខិន បានធ្វើការកត់សម្គាល់ខាងលើបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin)។ បើតាមលោកប្ល៊ីនខិន សហរដ្ឋអាមេរិកនៅតែបើកចំហក្នុងការចរចាជាមួយកូរ៉េខាងជើង ប៉ុន្តែទីក្រុងព្យុងយ៉ាងមិនបានអើពើនឹងការអំពាវនាវនោះទេ ហើយជំនួសមកវិញដោយការធ្វើតេស្តមីស៉ីលជាបន្តបន្ទាប់ និងបានត្រៀមលក្ខណៈរួចជាស្រេចទៀត ដើម្បីបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញ។
ដោយចង់សំដៅទៅលើការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងកូរ៉េខាងជើង ដែលស្នើឡើងដោយសហរដ្ឋអាមេរិក លោក ប្ល៊ីខិន បានបញ្ជាក់ដូច្នេះថា «ដរាបណាទីក្រុងព្យុងយ៉ាងនៅតែមិនព្រមបកក្រោយ ឬកែប្រែចិត្ត យើងនឹងបន្តដាក់សម្ពាធលើកូរ៉េខាងជើង»។
តែយ៉ាងណាក៏ដោយ លោក ផាក បានជំរុញឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលកុំឱ្យកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ។ «ខ្ញុំក៏គិតថា ចិនគួរតែដើរតួនាទីវិជ្ជមានផងដែរក្នុងការជួយបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េ ដោយទាមទារឱ្យពួកគេគិតឡើងវិញជាថ្មី»។ នេះការបញ្ជាក់របស់លោក ផាក ជីន។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និងរុស្ស៉ីបានជំរុញឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងក្រោមហេតុផលមនុស្សធម៌ ដោយសង្ឃឹមថា កូរ៉េខាងជើងអាចត្រូវបានបញ្ចុះបញ្ចូលឱ្យត្រលប់ទៅរកការចរចាឡើងវិញ។ តែសហរដ្ឋអាមេរិកថានេះមិនមែនជាដំណោះស្រាយល្អឡើយ ហើយសន្យាថានឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរបន្ថែមទៀត បើកូរ៉េខាងជើងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញ៕

ដោយ៖ធីរីណា(រូបថត​ ៖ TTXVN-VNA)


ចែករំលែក៖