ព័ត៌មានទាន់ហេតុការណ៍៖

មានការរិះគន់ខ្លាំងលើកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡក្រោយលេចធ្លាយបេក្ខជនចូលរួមប្រកួតធ្លាប់មានប្តីនោះ

ចែករំលែក៖

ភ្នំពេញ៖  មានលេចចេញការរិះគន់មិនសំចៃមាត់ពីសំណាក់ទស្សនិកជនក្រោយពីដឹងដំណឹងនៃការលេចធ្លាយរឿងអាស្រូវរបស់បេក្ខជនកញ្ញាឯកចក្រវាឡកម្ពុជា ២០២២ពាក់ស្លាកលេខ៧ ឈ្មោះ សុគន្ធ ចរិយា មុនពេលកម្មវិធីប្រកួតផ្តាច់ព្រ័ត្រនៅរាត្រីនេះ។ ការរិះគន់ទៅកាន់កម្មវិធីបន្ទាប់ពីកម្មវិធីមិនបានយកចិត្តទុកដាក់លើការស៊ើបសួរប្រវត្តិបេក្ខជនចូលរួមប្រកួតឱ្យបានច្បាស់លាស់ និងអាចនាំឱ្យមានគំរូមិនល្អសម្រាប់បេក្ខនារីជំនាន់ក្រោយ។ 

    កាន់តែឡើងកម្តៅនៃការរិះគន់នេះគឺក្រោយពីស្ត្រីម្នាក់ដែលអះអាងថាខ្លួនគឺជាអ្នកស្គាល់បេក្ខនារីរូបនេះច្បាស់ដូចថ្ងៃបានចេញមុខទម្លាយការណ៍ពិតពីទំនាក់ទំនងរវាងបេក្ខនារីរូបនេះជាមួយនឹងប្តីរបស់ខ្លួនដែលមុននេះបានទម្លាយវីដេអូរឿងអាស្រូវខាងលើនោះតែម្តង។ ស្ត្រីរូបនោះថែមទាំងហែកទម្លាយខ្ទេចគ្មានសល់រឿងអតីតស្វាមីរបស់ខ្លួនបានយកបេក្ខនារីរូបនេះជាភរិយាបន្ទាប់ និងស្នើសុំឱ្យខ្លួននាងទទួលស្គាល់ថែមទៀតផង។ ស្ត្រីខាងលើបានទាំងលើកឡើងដែរថា សុខចិត្តយកប្តីរួមគ្នាចែកពេលវេលាគ្នារួមរស់ជាមួយគ្នា ព្រោះតែមិនចង់ឱ្យកូនទាំង៣របស់ខ្លួនបាត់បង់ឪពុកម្តាយនោះ។ ទស្សនិកជនបានស្នើឱ្យអ្នកផលិតកម្មវិធី ក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយធ្វើការត្រួតពិនិត្យលើកម្មវិធីប្រកួតព្រោះតែកញ្ញាឯកដែលឡើងប្រកួតឬជាម្ចាស់មកុដត្រូវតែជាមនុស្សដែលស្អាតស្អំ ជាស្រីក្រមុំ ជាបុគ្គលមានសីលធម៌ ចំណេះដឹង  ដែលមិនត្រឹមតែស្អាតតែមួយមុខនោះឡើយ ជារួមគឺជាបុគ្គលគំរូសម្រាប់មនុស្សទូទៅ និងជាបុគ្គលតំណាងជាតិលើឆាកប្រកួតអន្តរជាតិផងដែរ។ 

    យើងនៅមិនទាន់អាចស្វែងរកការបញ្ជាក់បាននៅឡើយទេជុំវិញការរិះគន់ខ្លាំងៗពីសំណាក់ទស្សនិកជនលើកម្មវិធីប្រកួតកញ្ញាឯកចក្រវាឡពីសំណាក់អ្នកផលិតកម្មវិធី និងក្រសួងពាក់ព័ន្ធ។ ទោះជាយ៉ាងណានេះក៏ចាត់ទុកជាបទពិសោធន៍មួយសម្រាប់កម្មវិធីប្រកួតផ្សេងទៀតដើម្បីជ្រើសរើសបេក្ខជនចូលរួមប្រកួត ហើយបេក្ខជនខ្លួនឯងក៏ត្រូវមានស្វ័យភ្ញាក់រលឹកដែរថា បើខ្លួនមិនស្អាតបរិសុទ្ធមិនមានសមត្ថភាព 

ទេពកោលសល្យទេក៏មិនគួរដាក់ពាក្យចូលរួមប្រកួតកម្មវិធីនេះដែរ។ 

  គួរបញ្ជាក់ដែរថា កម្មវិធីប្រកួត Miss Universe Cambodia ២០២២ ត្រូវបានចាប់ផ្តើមឡើងកាលពិអំឡុងដើមខែមិថុនានេះ ដោយជ្រើសរើសយកបេក្ខភាព២០រូបដើម្បីឡើងឆាកប្រកួតដែលមានទាំងវគ្គបង្ហាញមុខណែនាំខ្លួន ការបង្ហាញសមត្ថភាពដើរបង្ហាញម៉ូដ បង្ហាញសមត្ថភាពសិល្បៈ ការបង្ហាញមុខក្នុងឈុតតំណាងជាតិ និងឈុតហែលទឹកជាដើម ហើយបេក្ខជនពាក់ស្លាកលេខ៧កញ្ញា សុគន្ធ ចរិយា ក៏បានលេចមុខក្នុងកម្មវិធីប្រកួតជាបន្តបន្ទាប់ដែរបើទោះបីជាលេចធ្លាយចេញដំណឹងអាស្រូវមួយនេះក៏ដោយ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នេះ ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖