រាជធានីភ្នំពេញ៖ ថ្ងៃ ១៥ ខែមិថុនា ឆ្នាំ ២០២២ នាយកប្រតិបត្តិស្តីទីរួមក្រុមហ៊ុន Axiata Group Berhad លោកបណ្ឌិត Hans Wijayasuria និងប្រធានក្រុមហ៊ុន Smart Axiata លោក Tan Sri Dr Halim Shafie បានចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី ៨ ខែមិថុនា ដើម្បីបញ្ជាក់ការប្តេជ្ញាចិត្តជាថ្មីម្តងទៀតរបស់ក្រុមហ៊ុន Smart Axiata ក្នុងការជំរុញការអភិវឌ្ឍន៍វិស័យទូរគមនាគមន៍ និងឌីជីថលរបស់ប្រទេសកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីនាយកប្រតិបត្តិស្តីទីក្រុមហ៊ុន Smart Axiata លោក Feiruz Ikhwan ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់ និងសក្តានុពលនៃបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន(ICT) ក្នុងការពន្លឿន
និងពង្រីកសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។ ភាគីទាំងអស់បានកត់សម្គាល់លើកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់អក្ខរកម្មឌីជីថល ការបង្កើនជំនាញឌីជីថល និងការវិនិយោគលើបច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍គឺជាមធ្យោបាយដ៏សំខាន់ក្នុងការពង្រឹងចក្ខុវិស័យឌីជីថលរបស់ព្រះរាជាណាចក្រកម្ពុជា។
តំណាងក្រុមហ៊ុន Axiata Group Berhad ក៏បានពិភាក្សាលើរបៀបដែលក្រុមហ៊ុនពង្រីកវិសាលភាពឌីជីថលទៅក្នុងសហគមន៍នានាទូទាំងប្រទេសចំនួន ១១ ក្នុងតំបន់អាស៊ាន និងអាស៊ីខាងត្បូងស្របតាមគោលបំណងរបស់ខ្លួនក្នុងការជំរុញសក្ដានុពលក្នុងតំបន់អាស៊ី ខណៈបង្ហាញបំណងប្រាថ្នាដើម្បីប្រើប្រាស់អនុភាពរបស់ខ្លួនក្នុងតំបន់ និងសហការជាមួយក្រសួងក្នុងគោលបំណងផ្លាស់ប្តូរគំនិត ក៏ដូចជាសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលអនាគត។បច្ចុប្បន្ននេះ ក្រុមហ៊ុនទូរគមនាគមន៍ចល័តប្រចាំតំបន់ បានបម្រើសេវាដល់អតិថិជនដែលកំពុងប្រើប្រាស់ទូរសព្ទចល័តចំនួន ១៦៣.១ លាននាក់ និងបានផ្តល់ឱកាសការងារប្រមាណ ៧០០ ០០០ កន្លែងនៅក្នុងតំបន់ផងដែរ។
លើសពីនេះ ក្នុងនាមជាបុត្រសម្ព័ន្ធមួយក្នុងតំបន់របស់ក្រុមហ៊ុនAxiata ការរួមចំណែកចុងក្រោយបំផុតរបស់ក្រុមហ៊ុន SmartAxiata ដល់សេដ្ឋកិច្ចកម្ពុជា មានចំនួន ៤១៦ លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចជាតិ ដែលតំណាងឱ្យ ១,៦ភាគរយនៃផលិតផលជាតិសរុប (GNP) របស់កម្ពុជា ដែលទឹកប្រាក់ជាង ១០០ លានដុល្លារ បានបង់ចូលកាតព្វកិច្ចពន្ធអាករ ហើយទឹកប្រាក់៨០លានដុល្លារបន្ថែមទៀតត្រូវបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍។ ឆ្លៀតក្នុងឱកាសនេះ តំណាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Axiata Group បានរំលឹកឡើងវិញការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តបង្កើតឥទ្ធិពលវិជ្ជមានក្នុងសហគមន៍តាមរយៈការវិនិយោគផ្ទាល់ និងកម្មវិធីសង្គម។
ក្រុមហ៊ុន Smart Axiata ចំណាយជាង ១ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួនលើកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅក្នុងវិស័យអប់រំ បរិស្ថាន និងនវានុវត្តន៍បច្ចេកវិទ្យា។ តាមរយៈមូលនិធិការកសាងសមត្ថភាព និងការស្រាវជ្រាវ និងការអភិវឌ្ឍលើវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ និងពត៌មាន(មូលនិធិ ស.អ.) ក្រុមហ៊ុន Smart Axiata ផ្តួចផ្តើម និងសហការជាមួយភាគីពាក់ព័ន្ធជាច្រើន ហើយទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡាដើម្បីនាំយកកម្មវិធីដែលបង្កើតប្រព័ន្ធអេកូឌីជីថលដែលមានភាពធន់ ខណៈជួយបំប៉ងជំនាញនិងចំណេះដឹងសំខាន់ៗដល់ប្រជាជនកម្ពុជាជំនាន់ក្រោយ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចឌីជីថលរីកចម្រើន។
តាមរយៈ មូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ.) ក្រុមហ៊ុនក៏បានបង់វិភាគទាន២ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនពីសេវាចល័តដល់គម្រោងនានាជាច្រើនរៀងរាល់ឆ្នាំដែលជួយជំរុញការពង្រីកនិងធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធអុិនធឺណិតចល័ត និងគុណភាពនៃបណ្តាញ ។
ក្រុមហ៊ុន Smart Axiata គឺជាអ្នកគាំទ្រដំណើរការប្រព័ន្ធអេកូឌីជីថល និងគាំទ្រយ៉ាងពេញទំហឹងចំពោះចក្ខុវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការបង្កើតឌីជីថលកម្ពុជាដោយក្រុមហ៊ុន Smart គាំទ្រយ៉ាងសកម្ម និងបណ្ដុះបណ្ដាលអាជីវកម្មឌីជីថលទើបបង្កើតថ្មី និង សហគ្រិនបច្ចេកវិទ្យារបស់កម្ពុជា ហើយបន្តពង្រីក និងការអភិវឌ្ឍន៍អ្នកដឹកនាំឌីជីថលដែលនឹងរួមចំណែកដល់ការលើកកម្ពស់កំណើនឌីជីថលរបស់ប្រទេសកម្ពុជា នៅក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មទី ៤ នាពេលខាងមុខ។
ជាកិច្ចចុងក្រោយតំណាងក្រុមហ៊ុន Axiata Group និងតំណាងក្រុមហ៊ុន Smart Axiata បានថ្លែងអំណរគុណដល់ក្រសួង ដែលបន្តការគាំទ្រ និងកិច្ចសហការក្នុងគោលបំណងរួមគ្នា ដើម្បីជំរុញសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាឆ្ពោះទៅមុខ ខណៈលុបបំបាត់គម្លាតឌីជីថល និងបន្តផ្តល់ស្ថិរភាពនៃបណ្ដាញទំនាក់ទំនងសម្រាប់ប្រជាជនកម្ពុជា៕
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smartគឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយHD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smartបានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Payនិងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
កញ្ញា កែវ ព្រីយ៉ានិត្យ
ទូរស័ព្ទ៖ +855 10 202 157
អុីម៉ែល៖ keo.priyanith@smart.com.kh