ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នេះមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែងបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២០-២០២១ និងលើកទឹសដៅបន្តសម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាពលោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង ។
ការបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែងនាពេលនេះធ្វើឡើងបន្ទាប់អង្គសន្តិតបាតបានដំណើរការអស់រយៈពេល១ថ្ងៃកន្លះដោយមានការចូលរួមពីតំណាងក្រសួងអប់រំយុវជននិងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ប្រធានការិយាល័យក្រុងស្រុកនិងលោកគ្រូចំនួន១៤០នាក់។
លោក ប៉ុក សារឿន អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថាសន្និបាតប្រចាំឆ្នាំដែលមមន្ទីរអប់រំនិងយុវជនធ្វើឡើងនាពេលនេះ ក្នុងគោលបំណងបូកសរុបវាយតម្លៃការងារដែលបានអនុវត្តឆ្នាំសិក្សាកន្លងមក និងលើកទិសការងារសម្រាប់ឆ្នាំសិក្សាបន្តទៀត។
លោកគូសបញ្ជាក់ថាក្នុងរយៈពេល១ថ្ងៃកន្លះនេះបានដំណើរការប្រកបដោយភាពល្អប្រសើរ ដែលមន្ទីរនិងអង្គការដៃគូអភិវឌ្ឍន៍បានធ្វើបទអន្តរាគមន៍អំពីគម្រោងសម្រាប់ការអភិវឌ្ឃន៍ក្នុងវិស័យអប់រំរួមមានការកសាងសាលារៀន បង្គន់អនាម័យនៅតំបន់ដាច់ស្រយោល ព្រមទាំងការជួយទាំងសម្ភារៈបង្រៀន សម្ភារៈសិក្សា វិធីសាស្ត្របង្រៀន និងដំណើរការគ្រប់គ្រងទប់ស្កាត់សិស្សបោះបង់ការសិក្សា ហើយសន្និបាតក៏បានសិក្សា ពិភាក្សាលើប្រធានបទពាក់ព័ន្ធនានាផ្សេងៗទៀត។
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែងបាន បានថ្លែងថាវិស័យអប់រំនៅខេត្តស្ទឹងត្រែងកំពុងតែមានការវិវត្តន៍រីកចម្រើនជាបន្តបន្ទាប់ ទោះបីជាឆ្នាំសិក្សា២០២០-២០២១ បានរងផលប៉ះពាល់ពីការឆ្លងរាលជាសកលនៃជំងឺកូវីដ-១៩ យ៉ាងណាក្តី ក៏លទ្ធផលនៅឆ្នាំសិក្សា២០២០-២០២១ ខេត្តស្ទឹងត្រែងទទួលបានសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេសAចំនួន៦នាក់ និងទទួលបានរង្វាន់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកន្លងមក។
លោក ញ៉ែម សារី អភិបាលរងខេត្តបានវាយតម្លៃខ្ពស់និងកោតសរសើលើថ្នាក់ដឹកនាំមន្ទីរអប់រំយុវជននិងកីឡា និងលោកអ្នកគ្រូដែលបានខិតខំប្រឹងប្រែងក្នងការអនុវត្តការងារពិសេសក្នុងអំឡុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានខិតខំប្រឹងប្រែងរៀបចំយន្តការក្នុងការបង្រៀនតាមរូបភាពផ្សេងៗដូចជាការបង្រៀនពីចម្ងាយ ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក(Online) ការរៀនជាបណ្តុំ ការចែកសន្លឹកកិច្ចដល់សិស្សានុសិស្ស និងការ និងការជួបផ្ទាល់របស់លោកគ្រូអ្នកគ្រូដល់ទាំងអស់ទូទាំងខេត្ត។
នាឱកាសនេះលោក ញ៉ែម សារី បានណែនាំដល់បុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលា នានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលារៀនឱ្យមានវិន័យល្អពិសេសលើគ្រូបង្រៀនតែម្តងដើម្បីឲ្យប្រព័ន្ធអប់រំក្នុងខេត្តកាន់តែមានភាពរឹងមាំនិងល្អប្រសើបន្ថែមទៀត ៕
ដោយ៖មាស សុផាត