ក្រោយពេលកាត់បន្ថយការផ្គត់ផ្គង់ហ្គាសពាក់កណ្តាលដល់ប្រទេសអាល្លឺម៉ង់ គឺរុស្សុីទទួលរងការរិះគន់យ៉ាងខ្លាំង ។ អគ្គនាយកក្រុមហ៊ុនថាមពលហ្គាស Gazprom លោក Alexey Miller បានបញ្ជាក់ថា «ហ្គាសរបស់យើងខ្ញុំ ច្បាប់យើងខ្ញុំជាអ្នកសម្រេច»។
កន្លងមក កាលពីថ្ងៃទី ១៥ខែមិថុនា ក្រុមហ៊ុន Gazprom បានប្រកាសកាត់បន្ថយថាមពលហ្គាសទៅកាន់អាល្លឺម៉ង់តាមបំពង់បង្ហូរឧស្ម័ន (Nord Stream) រហូតដល់ទៅ៦០% គឺខ្ពស់ជាង៤០%ដែលក្រុមហ៊ុនបានប្រកាសកាលពីមួយថ្ងៃមុន ។ បំពង់បង្ហូរឧស្ម័នត្រូវបន្ថយពី១៦៧លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅសល់តែ៦៧លានម៉ែត្រគូបប៉ុណ្ណោះ។
មានប្រតិកម្មចំពោះសកម្មភាព ខាងលើ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់លោក Robert Habeck បានប្រកាសថា សកម្មភាពរបស់ក្រុមហ៊ុន Gazprom គឺជាការសម្រេចនយោបាយ មិនមែនបច្ចេកទេសនោះឡើយ ។ លោកបានចោទប្រកាន់រុស្ស៊ីថាមានចេតនាបង្កអសន្តិសុខនៅលើទីផ្សារ ថាមពល ជំរុញឱ្យតម្លៃឡើងថ្លៃខ្ពស់។
បណ្តាក្រុមហ៊ុនថាមពលអឺរ៉ុប ដូចជា ENI របស់អុីតាលី ក្រុមហ៊ុន OMV របស់អូទ្រីស បានបញ្ជាក់ថា ប្រភពផ្គត់ផ្គង់ហ្គាសរបស់រុស្ស៊ីនៅថ្ងៃទី១៥និង១៦ខែមិថុនាបានថយចុះយ៉ាងខ្លាំង ។
ចំពោះការចោទប្រកាន់របស់រដ្ឋមន្ត្រីអាល្លឺម៉ង់ អគ្គនាយកក្រុមហ៊ុន Gazprom បានប្រកាសថា រុស្ស៊ីនឹងគោរពទៅតាមច្បាប់របស់ខ្លួន ៕ ដោយ៖ ធីរីណា
រូបថត ៖ BBC
រូបថត ៖ AFP/TTXVN