អតីតកីឡាករបាល់ទាត់អន្តរជាតិរុស្ស៊ីលោក Igor Denisov ជឿជាក់ថាជំហររបស់គាត់ប្រឆាំងនឹងការលុកលុយតាមបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន លើអ៊ុយក្រែនអាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់គាត់។ Denisov ដែលជាអតីតប្រធានក្រុមបាល់ទាត់រុស្ស៊ីចន្លោះឆ្នាំ២០១២ ដល់២០១៦គឺបានប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
អតីតកីឡាករ Igor Denisov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ YouTube Nobel ថា “ព្រឹត្តិការណ៍ទាំងនេះគឺជាគ្រោះមហន្តរាយមួយ”។ អតីតកីឡាករក្រុម Zenit St. Petersburg, Dynamo Moscow និង Lokomotiv Moscow បានបន្ថែមថា “ខ្ញុំមិនដឹងទេ ប្រហែលជាខ្ញុំនឹងត្រូវចាប់ខ្លួន ឬសម្លាប់បន្ទាប់ពីពាក្យទាំងនេះ ប៉ុន្តែខ្ញុំកំពុងនិយាយអំពីរឿងទាំងនោះ”។
Denisov ក៏បានលាតត្រដាងដែរថា គាត់ផ្ទាល់បានសរសេរទៅកាន់លោកពូទីន ដើម្បីបញ្ឈប់សង្រ្គាម។ សភារុស្ស៊ីបានអនុម័តច្បាប់ដែលដាក់ទោសជនណាដែលផ្សាយ “ព័ត៌មានមិនពិត” ឬចូលរួមក្នុងសកម្មភាពសាធារណៈណាមួយដែលបង្ខូចកេរ្តិ៍ឈ្មោះចំពោះសកម្មភាពយោធារបស់រុស្ស៊ី ដោយផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
Denisov ដែលបានលេងច្រើនជាង៣០០ប្រកួតសម្រាប់ក្រុម Zenit St Petersburg មុនពេលបញ្ចប់អាជីពលេងរបស់គាត់ជាមួយក្រុមLokomotiv Moscow ក្នុងឆ្នាំ២០១៩បាននិយាយថា គាត់ “ស្រឡាញ់ប្រទេសរបស់គាត់” ហើយមិនចង់ចាកចេញពីប្រទេសរុស្ស៊ីទេ។
Denisov បានបន្ថែមថា “ខ្ញុំជាបុរសដែលមានមោទនភាព នេះគឺបន្ទាប់ពីបីឬបួនថ្ងៃ។ ខ្ញុំថែមទាំងបាននិយាយទៅកាន់គាត់ថា ខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីលុតជង្គង់នៅចំពោះមុខអ្នក ដូច្នេះគាត់នឹងបញ្ឈប់វាទាំងអស់” ។
ឥស្សរជនសាធារណៈតិចតួចណាស់ដែលនៅតែរស់នៅក្នុងប្រទេសរុស្ស៊ីបានប្រឆាំងដោយបើកចំហចំពោះ “ប្រតិបត្តិការយោធាពិសេស” ដូចដែលទីក្រុងម៉ូស្គូបានចាត់ទុកវា។ ទោះជាយ៉ាងណាក៏ដោយកីឡាការិនី Nadya Karpovaខ្សែប្រយុទ្ធជម្រើសជាតិនារីដែលបច្ចុប្បន្នរស់នៅក្នុងប្រទេសអេស្ប៉ាញ ថ្មីៗនេះបាននិយាយប្រឆាំងនឹងសង្រ្គាម។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ថែមទាំងអាចត្រូវពិន័យ ឬរារាំងចំពោះការប្រើពាក្យ “សង្រ្គាម” ឬ “ការឈ្លានពាន” ដើម្បីពិពណ៌នាអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ កំឡុងពេលសម្ភាសន៍របស់ Denisov ជាមួយ Arustamyan ពាក្យមួយចំនួនដែលគាត់ប្រើដើម្បីសំដៅលើសកម្មភាពរបស់រុស្សីក្នុងប្រទេសអ៊ុយក្រែនហាក់ដូចជាត្រូវបានបញ្ចេញចោល ដោយមានសំឡេងខ្សឹបៗជំនួសវិញ ៕
ដោយ៖ ភារៈ(រូបភាព ៖ MARCA/BBC Sport)