សង្គ្រាមនៅអ៊ុយក្រែនបានឈានចូលដល់ខែទីបួនហើយ ប៉ុន្តែទាំងរុស្ស៊ី និងអ៊ុយក្រែននៅមិនទាន់មានសញ្ញាបញ្ចប់សង្គ្រាមនោះនៅឡើយទេ ហើយការខាតបង់កាន់តែមានទំហំច្រើនឡើង។ សង្គ្រាមនេះត្រូវបានគេព្យាករថានឹងអូសន្លាយរយៈពេលយូរ។
ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ប្រមុខអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃអាទិត្យនេះបាននិយាយថា សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនអាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ខណៈដែល
រុស្ស៉ីកាន់តែបង្កើនការវាយលុករឹតតែខ្លាំង បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា ទីក្រុងកៀវគួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីចូលជាសមាជិកសហភាពអឺរ៉ុប។
ការកត់សម្គាល់ខាងលើរបស់លោក ជេន ស្ដូលធិនប៊ឺគ ត្រូវបានដកស្រង់សម្ដីចុះផ្សាយដោយកាសែតអាល្លឺម៉ង់ បៀល អាំ ហ្សុនថាគ (Bild am Sonntag) ហើយបើតាមប្រមុខណាតូរូបនេះបាននិយាយថា ការបង្កើនការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែនអាចនឹងផ្ដល់ឱកាសឱ្យទាហានអ៊ុយក្រែនរំដោះតំបន់ដុនបាស់ពីកណ្ដាប់ដៃរុស្ស៉ី ទាំងស្រុង។ លោក ស្ដូលធិនប៊ឺគ បានគូសបញ្ជាក់ដូច្នេះថា «យើងត្រូវតែត្រៀមខ្លួនចំពោះមុខការណ៍ពិតដែលថាសង្រ្គាមនេះអាចនឹងអូសបន្លាយពេលច្រើនឆ្នាំ ហើយយើងមិនត្រូវបន្ធូរបន្ថយការគាំទ្រចំពោះអ៊ុយក្រែននោះទេ បើទោះជាទំនិញ ថាមពល និងចំណីអាហារកំពុងឡើងថ្លៃក៏ដោយ»។
កាលពីថ្ងៃសុក្រកន្លងទៅនេះ គណៈកម្មការអឺរ៉ុបបានផ្ដល់អនុសាសន៍ថា អ៊ុយក្រែនគួរតែទទួលបាន «ឋានៈបេក្ខភាព» ដើម្បីក្លាយសមាជិកសហភាពអឺរ៉ុប ស្របពេលដែលប្លុកអឺរ៉ុបមួយនេះគ្រោងនឹងពិភាក្សា និងធ្វើការសម្រេចលើបញ្ហានេះនៅថ្ងៃទី២៣ និង២៤ ខែមិថុនាសប្ដាហ៍ក្រោយនេះ៕
ដោយ៖ ធីរីណា(រូបថត ៖ RT)