ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះបងប្អូនប្រជាពលរដ្ឋអស់ចំនួន៣៧ខ្នងផ្ទះ ជាប្រភេទសំណង់ថ្មក្រោមឈើលើ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែពុំអាចទប់ស្កាត់បានឡើយ ដោយអណ្ដាតភ្លើងបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចម្ដុំជិតច្រាំងបាក់ ផ្លូវលំ ភូមិដើមចាន់ ក្រុម៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានអណ្ដាតភ្លើងនិងផ្សែងហុយចេញពីផ្ទះ មួយហើយបងប្អូនប្រជាពលរដ្ឋអ្នករស់នៅជិតខាងបានរត់ចេញស្រែកឆោឡោដើម្បីឱ្យនាំគ្នាជួយយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានទេដោយសារអណ្ដាតភ្លើងឆាបឆេះលឿនយ៉ាងសន្ធោសន្ធៅរាលដាលឆេះដល់ផ្ទះអ្នកជិតខាងយ៉ាងលឿនបំផុត។
ភ្លាមៗនោះអាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុនិងបានទាក់ទងទៅការិយាល័យជំនាញបង្ការនិងពន្លត់អគ្គិភ័យដើម្បីចេញរថយន្តពន្លត់អគ្គិភ័យគ្រប់គោលដៅមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់។ ទោះយ៉ាងណាអគ្គិភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងផ្ទះ ទើបបាញ់ទឹកបានរលត់ តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយនៅក្នុងហេតុការណ៍នេះ។
មន្ត្រីនៃការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យនេះបានឆេះផ្ទះប្រពលរដ្ឋប្រភេទសំណង់ ថ្មក្រោមឈើលើ ប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រគុណ៤ម៉ែត្រឆេះផ្ទះអស់ចំនួន៣៧ខ្នង រួមទាំងសម្ភារប្រើប្រាស់ផងដែរ។
ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប៣៦គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន រួមមានរថយន្តការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន២៣រឿង ប្រេីប្រាស់ទឹកអស់២៣ឡាន, រថយន្តក្រសួងមហាផ្ទៃចំនួន០៤គ្រឿងប្រេីប្រាស់ទឹកអស់៤ឡាន, រថយន្តសាលាខណ្ឌច្បារអំពៅចំនួន០១គ្រឿងប្រេីប្រាស់ទឹកអស់៣ឡាន, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, រថយន្ត ទីក្រុងនរាចំនួន០១ គ្រឿងប្រើប្រាស់អស់ចំនួន៣ឡាន, រថយន្តក្រុមហ៊ុនកម្ពុជាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ១ឡាន និងរថយន្តបុរីប៉េងហួតចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន។ ចំពោះមូលហេតុតាមការស្រាវជ្រាវស៉ើបសួរជំហានដំបូងរបស់មន្រ្តីនគរបាលបញ្ជាក់ថាបណ្ដាលមកពីមានមនុស្សលួចដុត៕
ដោយ ៖ រ៉ារ៉ា