ព័ត៌មានទាន់ហេតុការណ៍៖

ក្នុងឱកាសខួបលើកទី១៥ នៃទិវាអតីតយុទ្ធជនកម្ពុជានេះ សម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ ៧ចំណុចដល់ស្ថាប័នពាក់ព័ន្ធ

ចែករំលែក៖

ភ្នំពេញ ៖ តាមរយៈសារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២២ សម្តេចតេជោ ហ៊ុនសែន ផ្តល់អនុសាសន៍ ៧ចំណុចដល់ស្ថាប័នពាក់ព័ន្ធ : 

ទី១- បងប្អូនអតីតយុទ្ធជនកម្ពុជា សូមបន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើម របស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជា ចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិជាទី ស្នេហានៃយើង។

ទី២- គ្រប់ក្រសួង ស្ថាប័ន អង្គភាព និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខបងប្អូន អតីតយុទ្ធជនតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ជាពិសេសយុទ្ធជន យុទ្ធនារីក្នុងអង្គភាពកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធមេត្រីភាព យុទ្ធជន យុទ្ធនារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌល យោធិនពិការដើម្បីលើកទឹកចិត្ត និងផ្សារភ្ជាប់មនោសញ្ចេតនាជាមួយអតីតយុទ្ធជន និងយុទ្ធជន យុទ្ធនារី។

ទី៣- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន ឱ្យជួយផ្សព្វផ្សាយសារាចរ និង សារលិខិតរបស់រាជរដ្ឋាភិបាលក្នុងឱកាសខួបលើកទី១៥ ទិវាអតីតយុទ្ធជនកម្ពុជា ក៏ដូចជាសមិទ្ធផលនានាពាក់ព័ន្ធ នឹងវិស័យអតីតយុទ្ធជនឱ្យសាធារណជនជាតិនិងអន្តរជាតិបានយល់ដឹង និងជ្រួតជ្រាបកាន់តែទូលំទូលាយ បន្ថែមទៀត។

ទី៤- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តអនុវត្តឱ្យបានល្អ និងមានប្រសិទ្ធភាពនូវ ការផ្តល់សេវារបបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនតាមរយៈបេឡាជាតិអតីតយុទ្ធជន នៅទូទាំងប្រទេស។ ម៉្យាងវិញទៀត ក្រសួងត្រូវខិតខំជំរុញការអនុវត្តគម្រោងសាងសង់ផ្ទះជូនអតីតយុទ្ធជន និង គ្រួសារដូចដែលបានបញ្ចូលក្នុងផែនការវិនិយោគសាធារណៈរបស់រាជរដ្ឋាភិបាល។

ទី៥- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្តគោលនយោបាយស្ដីពីការផ្តល់សម្បទានដីសង្គមកិច្ច ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទី៦- ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវចូលរួមក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជនដែល កំពុងជួបប្រទះការលំបាក។

ទី៧- សមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងពង្រីកសកម្មភាពរបស់សមាគមតាមស្មារតីន សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២។ សមាគម អតីតយុទ្ធជនកម្ពុជា ត្រូវបន្តធ្វើជាស្នូលក្នុងការលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឱ្យ បងប្អូនអតីតយុទ្ធជនប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ព្រមទាំងចូលរួម ឱ្យបានសកម្មក្នុងចលនាប្រឡងប្រណាំង ៣ពូកែ ដើម្បីជាប្រយោជន៍ដល់បងប្អូន និងប្រទេសជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖