គេហទំព័រ ABC News បានដកស្រង់សម្ដីនាយករដ្ឋមន្ត្រីអុីស្រាអែលលោក Naftali Bennett បានប្រកាសនៅថ្ងៃទី ២០ខែមិថុនាថា«ខ្ញុំបានសម្រេចយ៉ាងត្រឹមត្រូវមួយ ក្នុងដំណាក់កាលដ៏លំបាកនេះ ។ រួមគ្នាដើម្បីបញ្ជូនប្រទេសអុីស្រាអែលចេញផុតពីរណ្តៅដ៏ជ្រៅ នៃវិបត្តិនយោបាយនេះ ។ យើងនឹងទទួលបានតម្លៃនៃតម្លាភាព និងទំនុកចិត្ត »។
សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២ បានដកស្រង់សម្ដី នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Naftali Bennett និងរដ្ឋមន្ត្រីការបរទេស លោក Yair Lapid បានឯកភាពគ្នាក្នុង ការរំលាយសភាចោល ដើម្បីបើកផ្លូវរៀបចំការបោះឆ្នោតសកលថ្មីមួយ ហើយកំឡុងរយៈ ពេលអន្តរកាលនេះ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែលម្នាក់ បានឱ្យដឹងទៀតថាការបោះឆ្នោតរំលាយសភាខាងលើនឹងត្រូវធ្វើឡើង នៅសប្ដាហ៍ក្រោយ។ ការសម្រេចចិត្តរៀបចំការបោះឆ្នោតរំលាយសភានេះទៀតសោត កើតមានឡើងបន្ទាប់ពីលោក ប៊េនណេត មិនអាចគ្រប់គ្រងសម្ពាធលើរដ្ឋាភិបាលចម្រុះ ដ៏ផុយស្រួយរបស់លោក ហើយនៅក្រោយការបោះឆ្នោតរំលាយសភាដែលគ្រោងនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ លោក ឡាភីត នឹងត្រូវកាន់តំណែងជានាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន រហូតដល់មានការបោះឆ្នោតសកលសារជាថ្មី និងជាលើកទី៥ ក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ។
លោក ប៊េនណេត និងលោក ឡាភីត កាលពីខែមិថុនា ឆ្នាំ២០២១កន្លងទៅ បានបង្កើតរដ្ឋាភិបាលចម្រុះមួយ ក្រោយជាប់គាំងនយោបាយជាង ២ឆ្នាំ ដើម្បីបិទបញ្ចប់ការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu៕
ដោយ៖ ធីរីណា(រូបថត ៖ AP)