ខេត្តស្វាយរៀង៖ ផ្ទះឈើប្រក់ក្បឿងមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាលដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ពន្លត់សង្ស័យទុស្សេខ្សែភ្លើង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី២១ខែមិថុនាឆ្នាំ២០២២នៅចំណុចភូមិព្រៃឈើទាល ឃុំប្រសូត្រ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះមានឈ្មោះ មាស ម៉ារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។
ចំណែកសម្ភារខូចខាតរួមមាន÷ទូរទស្សន៍ចំនួន០១គ្រឿង ,ខូចក្ដារជញ្ជាំងចំនួន០៨សន្លឹក និងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។
តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុស្រាប់តែឃើញមានផ្សែងចេញពីផ្ទះខាងលើហុយចេញមកក្រៅទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងម្ចាស់ផ្ទះប្រញាប់ប្រញាលដងទឹកជះនិងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកអន្តរាគមន៍បាញ់ពន្លត់ប្រមាណជាង២ម៉ោងទើបគ្រប់គ្រងស្ថានការណ៍បានដោយក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។
សមត្ថកិច្ចបានបញ្ជាក់ថាមូលហេតុបណ្ដាលមកពីទុស្សេខ្សែភ្លើងទើបបង្កជាអគ្គិភ័យបែបនេះ ៕
ដោយ៖យឹម សុថាន