ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបពិភាក្សាការងារ ជាមួយ លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា (Muhammad Bin Abdulkarim Al-Issa) អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។
លោកបណ្ឌិត មហាម៉ាត់អាប់ឌុលការីម អាល់អ៊ីសា បាន សម្ដែងនូវក្តីរីករាយយ៉ាងខ្លាំង ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានទទួល ការអនុញ្ញាតពី សម្តេចប្រធានរដ្ឋសភា បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ។
លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិរបស់កម្ពុជា នៅក្នុងការកសាងបាននូវសុខុដុមរមនាខាងសាសនា ដោយមិនមានការរើសអើងខាងសាសនា ធ្វើអោយបងប្អូនខ្មែរ អ៊ីស្លាម រស់នៅបានយ៉ាងសុខសាន្ត ជាមួយសាសនាដទៃទៀត ដែលជាទីគំរូដ៏ល្អសម្រាប់ពិភពលោកផងដែរ។
លោកបណ្ឌិត មហាម៉ាត់ អាប់ឌុលការីម អាល់អ៊ីសា បានសម្ដែងនូវការអបអរសាទរជូនដល់ប្រជាជនកម្ពុជា ដែលមានថ្នាក់ដឹកនាំជាទីគោរព ជាគំរូ និងមានភាពប្រាកដនិយម ក្នុងការដឹកនាំកម្ពុជា ឱ្យទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ីស្លាម ព្រមទាំងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានឆ្លៀតពេលវេលាមកចូលជួបសម្តែងការគួរសមជាមួយសម្តេចនាពេលនេះ។
សម្តេចបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកអគ្គលេខាធិការ នាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់របស់ លោកអគ្គលេខាធិការចំពោះសុខទុក្ខរបស់បងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា និងបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការរ៉ាប៊ីតា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក។
សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនសាសនិកអ៊ិស្លាមនៅកម្ពុជា តាមរយៈការធ្វើឱ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា និងសេរីភាពនៃជំនឿ ព្រមទាំងការរស់នៅប្រកបដោយសុខដុមរមនា ជាមួយសហគមន៍ភាគតិចដទៃៗទៀត ដោយមិនមានការរើសអើងឡើយ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានលើកកម្ពស់ជីវភាព និងសិទ្ធិសេរីភាពរបស់សាសនិកអ៊ិស្លាម ជាអាទិ៍ ការជម្រុញឱ្យមានកន្លែងថ្វាយបង្គំសម្រាប់បងប្អូនអ៊ិស្លាម នៅតាមស្ថាប័នឯកជន និងស្ថាប័នសាធារណនានា ព្រមទាំងផ្តល់សិទ្ធិឱ្យសិស្សនិស្សិតឥស្លាម អាចជ្រើសរើសយកសម្លៀកបំពាក់ឯកសណ្ឋានបែបអ៊ិស្លាមទៀតផង។
សម្តេចអគ្គមហាពញាចក្រី បានមានប្រសាសន៍បញ្ជាក់បន្ថែមថា នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិវិញ រដ្ឋសភានីតិកាលទី៦នេះ មានសមាជិករដ្ឋសភាចំនួន៨រូប ជាខ្មែរអ៊ិស្លាម ចំណែកនៅក្នុងព្រឹទ្ធសភាវិញ មានសមាជិកចំនួន២រូប ជាខ្មែរអ៊ិស្លាមផងដែរ ដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងភាពជាតំណាងឱ្យបងប្អូនសាសនិកអ៊ិស្លាម ក៏ដូចជាពលរដ្ឋខ្មែរទាំងមូល៕
ដោយ៖ សូរិយា