ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់រាប់រយនាក់ដោយការរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន

ចែករំលែក៖

មន្ត្រីអាហ្វហ្គានីស្ថាននៅថ្ងៃទី ២២ខែមិថុនា បានប្រកាសថាមានការរញ្ជួយដីកម្រិត ៦,១រ៉ិចទ័រ នៅតំបន់ភាគខាងកើតប្រទេសនេះបានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន ។
សារព័ត៌មាន BBC នៅថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរក្នុងតំបន់បានឱ្យដឹងនាថ្ងៃទី២២ខែមិថុនាបានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់គឺ ៦.១រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគខាងកើត នៃប្រទេសអាហ្វហ្កានីស្ថាន ជាប់ព្រំប្រទល់ជាមួយប៉ាគីស្ថាន ហើយរបាយការណ៍បឋមបានអះអាងថា មានមនុស្សយ៉ាងហោចណាស់២៥០នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
អាជ្ញាធរអាហ្វហ្កានីស្ថានបានបន្ថែមថា តួលេខអ្នកស្លាប់ច្រើនជាង២៥០នាក់នេះ គឺទំនងជានៅបន្តកើនឡើងថែមទៀត ខណៈដែលមនុស្សរាប់រយនាក់ក៏បានរងរបួសផងដែរ។ យោងតាមទិន្នន័យពី ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGSបានឱ្យដឹងថា ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណជា ៤៤គីឡូម៉ែត្រពីទីក្រុង Khost នៃខេត្ត Khost នៅភាគខាងកើតអាហ្វហ្កានីស្ថាន ជាមួយជម្រៅ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។
មនុស្សស្លាប់និងរបួសត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន ភ្លាមៗ នេះមិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាត ដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះនៅខាងប៉ាគីស្ថាននៅឡើយទេ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ TTXVN/Vietnam+


ចែករំលែក៖