ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដែលមានវត្តមានលោក យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម រួមជាមួយសហការី ស្តីពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឥណ្ឌូនេស៊ី ឆ្នាំ២០២២។
កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាលើដំណើរការត្រៀមឆ្ពោះទៅការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការត្រៀមខ្លួនរបស់ប្រតិភូ និងកីឡាករ មុន អំឡុង និងក្រោយព្រឹត្តិការណ៍ ក៏ដូចជារបៀបវារៈ និងកម្មវិធីសំខាន់ៗដែលពាក់ព័ន្ធនានា។
សូមជម្រាបជូនថា យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកនឹងដឹកនាំគណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖សហការី