ភ្នំពេញ៖ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្ដ្រីក្រសួងនគរបាលវៀតណាម ដែលអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០-២២ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងមហាផ្ទៃ ។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយកដ្ឋានព័ត៌មានវិទ្យា។
ក្នុងជំនួបពិភាក្សានេះដែរ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលវៀតណាម។
លោកសន្ដិបណ្ឌិត បានមានប្រសាសន៍លើកឡើងអំពីសភាពការណ៍អន្តរជាតិ និងក្នុងតំបន់ព្រមទាំងកិច្ចសហប្រតិបត្តការ រវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងភាពជោគជ័យរបស់រាជរដ្ឋភិបាលកម្ពុជាក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕
ដោយ ៖សហការី