ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង ទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម

ចែករំលែក៖

   ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ៨រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ​ បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម។

   សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះលោកអគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពអ៊ិស្លាម រួមទាំងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការដែលបានផ្ដល់កិច្ចសហការជាមួយកម្ពុជាកន្លងមកនិងបន្តទៀត ក្នុងនោះរួមទាំងប្រទេសអារ៉ាប៊ីសាអូ៊ឌីតដែលបានទទួលយកពលករកម្ពុជាទៅបំពេញការងារ។

   សម្ដេច​បានបន្តថា បើទោះបីជាកិច្ចសហប្រតិបត្តិការបច្ចុប្បន្នជាមួយអង្គការសម្ព័ន្ធពិភពអ៊ិស្លាមនៅមិនទាន់មានចំនួនច្រើនក្ដី ប៉ុន្តែសម្ដេចបានសម្ដែងក្ដីសង្ឃឹមទៅថ្ងៃខាងមុខគឺកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនឹងកាន់តែមានការរីកចម្រើនថែមទៀត។ សម្ដេចបន្តថា នៅកម្ពុជា ការប្រតិបត្តិសាសនាអ៊ិស្លាមរបស់ពលរដ្ឋក៏កំពុងតែមានភាពរស់រវើក ពិសេសនៅក្រោយរបបប្រល័យពូជសាសន៍ និងដោយសារមានការគាំទ្រពីរាជរដ្ឋាភិបាល។

    សម្ដេចក៏បានរំលឹកដែរថា កន្លងមក សម្ដេចធ្លាប់បានទទួលជួបលោកឯកអគ្គរាជទូតអារ៉ាប៊ីសាអូ៊ឌីតប្រចាំនៅកម្ពុជា ដែលនៅក្នុងជំនួបនោះ លោកឯកអគ្គរាជទូតបានអញ្ជើញសម្ដេចទៅបំពេញទស្សនកិច្ចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូ៊ឌីត ដោយសម្ដេចបានស្វាគមន៍ និងថាការពន្យារពេលទស្សនកិច្ចនោះគឺដោយសារស្ថានភាពកូវីដ-១៩។

    យ៉ាងណាក៏ដោយ សម្ដេចបានបន្តថាបច្ចប្បន្នគឺជាឱកាសសមស្របហើយសម្រាប់ភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយសារពីកម្ពុជាក៏មានសាសនិកអ៊ិស្លាម និងពលករធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូ៊ឌីតក្នុងគោលបំណងខាងសាសនា និងការងារដែរ ហើយដែលការពារសន្តិសុខដល់ពួកគាត់ក៏ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

    ជាការឆ្លើយប លោកបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ិស្លាម បានជម្រាបជូនសម្ដេចក្រឡាហោមថា រូបលោកពិតជាមានភាពរីករាយយ៉ាងក្រៃលែងដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ពិសេសលោកបានដឹងថា កម្ពុជាជាប្រទេសមានសុខដុមផ្នែកសាសនា មានការអត់ឱនឱ្យគ្នា និងមានការគោរពស្រលាញ់គ្នាទៅវិញទៅមក រួមទាំងសុខសន្តិភាពទៀតផង។

    លោកបណ្ឌិត​ក៏បានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា ក្នុងដំណើរទស្សនកិច្ចនេះ លោកបានជួបជាមួយពលរដ្ឋខ្មែរជាសាសនិកអ៊ិស្លាម សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ និងបានចូលជួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ លោកបណ្ឌិត​បន្តថាទោះបីពលរដ្ឋកាន់សាសនាអ៊ិស្លាមនៅកម្ពុជាមានភាគរយតិច តែពួកគាត់មានការយល់ដឹង និងរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋកាន់សាសនាផ្សេងទៀត។

    លោកបណ្ឌិត​ ក៏បានជម្រាបសម្ដេចទៀតថា លោកបានទទួលអនុសាសន៍ប្រកបដោយគតិបណ្ឌិតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការធ្វើឱ្យមានសុខដុមនីយកម្មខាងសាសនានៅកម្ពុជា និងបានបន្តថា ការរស់នៅស្រុះស្រួលគ្នានេះគឺជាការបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែលរូបលោកនឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ។

     សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការលើកឡើងនេះ និងបានគូសបញ្ជាក់ថា ភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយនេះកន្លងមកនៅកម្ពុជា គឺដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍ដែលបានហាមឃាត់ការប្រតិបត្តិខាងសាសនាគ្រប់សាសនា ដែលកំហុសនេះធ្វើឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយត្រូវតែចៀសវាងជាដាច់ខាត។

    សម្ដេចបន្តថា ជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាអ៊ិស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនលោកទេសរដ្ឋមន្រ្តី អូស្មាន់ ហាស្សាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរអ៊ិស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

    សម្ដេចក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការងារពាក់ព័ន្ធនឹងពលរដ្ឋខ្មែរអ៊ិស្លាម និងបានថ្លែងអំណរគុណចំពោះអង្គការសម្ព័ន្ធពិភពអ៊ិស្លាមដែលបានផ្ដល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសបានជួយដល់ពលរដ្ឋខ្មែរអ៊ិស្លាម។ សម្ដេចបានជូនពរលោកអគ្គលេខាធិការអង្គការសម្ព័ន្ធពិភពអ៊ិស្លាម រួមទាំងប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយជោគជ័យ៕

ដោយ​៖សហការី​


ចែករំលែក៖