គ្រោះរញ្ជួយដីកម្រិត៦.១រ៉ិចទ័រ បានវាយប្រហារអាហ្វហ្កានីស្ថាន កាលពីវេលាទៀបភ្លឺថ្ងៃទី២២ខែមិថុនា ។ តាមរបាយការណ៍របស់រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន បានឱ្យដឹងថា មនុស្សកើនដល់យ៉ាងហោចណាស់៩២០នាក់បានស្លាប់ និងយ៉ាងតិចជាង៦០០នាក់បានរងរបួស ។
តួលេខជនរងគ្រោះខាងលើត្រូវបានប្រកាសដោយអនុរដ្ឋមន្រ្តីនៃក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋាភិបាលតាលីបង់ គឺលោក ម៉ាឡាវី សាហ៊្វូឌីង មូស្លីម (Mawlavi Sharfuddin Muslim) អំឡុងសន្និសីទសារព័ត៌មានមួយ នាថ្ងៃពុធនេះ។ បើតាមទីភ្នាក់ងារព័ត៌មានផ្លូវការរបស់តាលីបង់ បាក់តា (Bakhtar) តួលេខជនរងគ្រោះទំនងជានឹងបន្តកើនឡើងកាន់តែខ្ពស់ថែមទៀត ស្របពេលដែលក្រុមសង្រ្គោះកំពុងបន្តធ្វើការនៅតាមតំបន់ដែលបានទទួលរងការប៉ះពាល់។
យោងតាមទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដីរបស់សហរដ្ឋអាមេរិក USGS ចំណុចរំញ័រនៃគ្រោះរញ្ជួយដីនោះស្ថិតនៅចម្ងាយប្រហែល ៤៤គីឡូម៉ែត្រពីទីក្រុង ខូស (Khost) នៅភាគខាងកើតប្រទេសអាហ្វហ្កានីស្ថាន ក្បែរព្រំប្រទល់ជាមួយប្រទេសប៉ាគីស្ថាន ហើយវាមានជម្រៅ ៥១គីឡូម៉ែត្រក្រោមផ្ទៃដី។ ភាគច្រើននៃចំនួនជនរងគ្រោះ និងការបំផ្លិចបំផ្លាញ ត្រូវបានរាយការណ៍ចេញពីខេត្ត Paktika ប៉ុន្តែខេត្តក្បែរខាងដូចជា Nangarhar និង Khost ក៏មានមនុស្សស្លាប់និងរបួស ព្រមទាំងរងការខូចខាតដូចគ្នាផងដែរ។
ខណៈដែលមនុស្សស្លាប់និងរបួស ក៏ដូចជាការបំផ្លិចបំផ្លាញត្រូវបានរាយការណ៍នៅអាហ្វហ្កានីស្ថាន គេហាក់មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់ ឬការខូចខាតដែលបង្កឡើងពីគ្រោះរញ្ជួយដីកម្រិតធ្ងន់នោះ នៅខាងប៉ាគីស្ថាននៅឡើយទេ៕
ដោយ៖ ធីរីណា(រូបថត ៖ VOV.VN)