ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិចំនួន៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល

ចែករំលែក៖

ខេត្តកណ្តាល៖ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កណ្ដាល​ បានឱ្យដឹងនៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២នេះ​ថា៖​ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីរសៀលថ្ងៃទី២២ ខែមិថុនាម្សិលមិញ​នេះ​ ​បានអញ្ជើញចុះសួរសុខទុក្ខ និងនាំចូលយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងភូមិចំនួន៣ នៃឃុំសំបួរមាស ស្រុកមុខកំពូល ចំនួន ៨៣គ្រួសារ ដោយមានការចូលរួមពីអាជ្ញាធរស្រុកមុខកំពូល ក្រុមប្រតិបត្តិសាខា មន្ទីរពាក់ព័ន្ធ និងសប្បុរសជនផងដែរ។

មានប្រសាសន៍ទៅកាន់គ្រួសាររងគ្រោះទាំង ៨៣គ្រួសារ ដោយក្ដីអាណិតអាសូរ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្ដាយជាទីបំផុត។

លោកអភិបាលខេត្ត​ បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេច តែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត​ បានសម្ដែងនូវការសោកស្ដាយ ចំពោះគ្រួសារសពចំនួន ២នាក់ និងគ្រួសាររងគ្រោះទាំង ៨៣ គ្រួសារ ដែលបានបាត់បង់សាច់ញាតិ និងកូនៗទីស្រឡាញ់បំផុត ដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ដែលយើងគ្រប់គ្នាមិនបានដឹងមុន និងមិនចង់ឱ្យកើតមានឡើងឡើយ ដូចនេះសូមឱ្យគ្រួសារសពទាំងពីរ និងគ្រួសាររងគ្រោះទាំង ៨៣ គ្រួសារ កាត់ចិត្ត ព្រោះរឿងទាំងអស់នេះវាបានកើតឡើងរួចទៅហើយ ហើយក៏សូមឱ្យបន្តតខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។

នាឱកាសនោះ លោក យី យ៉េន អភិបាលស្រុកមុខកំពូល បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៥ល្ងាច ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ មានខ្យល់កន្រ្តាក់មួយយ៉ាងខ្លាំង បណ្ដាលឱ្យរងផលប៉ះពាល់ដល់ភូមិចំនួន ៣ ក្នុងឃុំសំបួរមាស បណ្ដាលឱ្យផ្ទះចំនួន ៨៣ខ្នងរងផលប៉ះពាល ក្នុងនោះ ១២ខ្នងផ្ទះខូចខាតទាំងស្រុង ១៦ខ្នងផ្ទះខូខខាតធ្ងន់ធ្ងរ និង៥៥ខ្នងផ្ទះខូចខាតដោយអន្លើ ព្រមទាំងបណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ១នាក់រងរបួសធ្ងន់សម្រាកនៅមន្ទីរពេទ្យ ២នាក់របួសស្រាល និងស្លាប់កុមារាចំនួន ២នាក់។

សូមបញ្ជាក់ថា ជំនួយសង្គ្រោះជាសម្ភារ ដែលសាខាបានផ្ដល់ជូនក្នុង ១គ្រួសារ រួមមាន៖ អង្ករ ២៥គីឡូក្រាម ,មី ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអ៊ីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធដបធំ ១កេស ,ជែលលាងដៃ ១ដប ,ម៉ាស ១ប្រអប់ ។ រីឯប្រជាពលរដ្ឋ ១២គ្រួសារដែលរងគ្រោះរលំផ្ទះទាំងស្រុង បានផ្តល់ជូនកៅស៊ូតង់ ក្នុង ១គ្រួសារ ចំនួន ១ផ្ទាំង សម្រាប់ធ្វើជាជម្រកស្នាក់នៅបណ្តោះអាសន្ន ។

ដោយឡែកថវិកា សាខាបានផ្តល់ជូនអ្នករងគ្រោះរលំផ្ទះទាំងស្រុង ១២គ្រួសារ ក្នុង១គ្រួសារ ៨១ម៉ឺនរៀល ,អ្នករងគ្រោះធ្ងន់ធ្ងរ ១៦គ្រួសារ ក្នុង១គ្រួសារៗ ចំនួន ៣១ម៉ឺនរៀល និងអ្នករងគ្រោះដោយអន្លើ ចំនួន ៥៥គ្រួសារ បានឧបត្ថម្ភជូនក្នុង១គ្រួសារ ចំនួន ២១ម៉ឺនរៀល ។

សូមបញ្ជាក់ជូនទៀតថា អំណោយជាសម្ភារ និងថវិកាមួយចំនួនខាងលើ ក៏មានការចូលរួមជួយឧបត្ថម្ភពីព្រះសង្ឃនៅវត្តអន្លង់ស្លែង  និងក្រុមការការងារថ្នាក់ជាតិ ចុះមូលដ្ឋានក្នុងឃុំសំបួរមាស ស្រុកមុខកំពូលផងដែរ។ ជាមួយគ្នានេះ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង ១២គ្រួសារ ដែលបានទទួលរងគ្រោះរលំផ្ទះទាំងស្រុង ដោយសារខ្យល់កន្ត្រាក់ លោកប្រធានគណៈកម្មាធិការសាខា បានឧបត្ថម្ភបន្ថែមនូវស័ង្កសីជូនក្នុង ១គ្រួសារ ចំនួន ២៥សន្លឹក ផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖