ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រសួងទេសចរណ៍ សហការជាមួយនាយកដ្ឋានគ្រប់គ្រងពហុកីឡដ្ឋានជាតិមរតកតេជោ បានរៀបចំ”កញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ” សំដៅចូលរួមផ្សព្វផ្សាយ និងជំរុញចលនាទេសចរណ៍ផ្ទៃក្នុងដោយអនុឡោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា “ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី”។
សូមរំលឹកផងដែរថា ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានកសាងឡើងក្រោមចំណងមិត្តភាព កម្ពុជា-ចិន ដែលជាជំនួយឥតសំណងពីមិត្តចិន ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ និងត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីខែសីហា ឆ្នាំ២០២១។ វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ ។ វា គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ដោយបរិវេណខាងក្រៅអាចមានលទ្ធភាពផ្ទុកអ្នកទស្សនាបន្ថែមប្រមាណ២មឺននាក់ បន្ថែម និងមានសមត្ថភាពទទួលរៀបចំព្រឹត្តិ ការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។
ការរៀបចំ “កញ្ចប់ទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ” ត្រូវបានគេរំពឹងថានឹងចូលរួមជំរុញ និងសម្រួលដល់ការសិក្សាស្វែងយល់របស់សិស្ស និស្សិត សាស្រ្តាចារ្យ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អំពីផលិតផលទេសចរណ៍ ក៏ដូចជាសមិទ្ធផលជាតិថ្មីៗ និងសំខាន់ៗ ដែលមាននៅក្នុងរាជធានីភ្នំពេញ ដោយធ្វើការផ្សារភ្ជាប់ពហុកីឡាដ្ឋានជាតិមរតកតេជោជាមួយនឹងគោលដៅដែលមានសក្តានុពលដ៏ទៃទៀតនៅជុំវិញ មានជាអាទិ៍ វិមានឈ្នះ ឈ្នះ សួនសត្វភ្នំពេញសាហ្វារី សួនទឹកហ្គាឌិនស៊ីធី ទីលានវាយកូនហ្គោលហ្គាឌិនស៊ីធី-ល-។ ជាមួយគ្នានេះដែរ កញ្ចប់ទស្សនកិច្ចនេះ ក៏មានការកំណត់ប្រភេទ និងការបង្កើតជំរើសក្នុងដំណើរកម្សាន្តនេះផងដែរ ដែលរួមបញ្ចូល ដំណើរកម្សាន្តបែបគ្រួសារ (Family Entertainment), ដំណើរកម្សាន្តបែបទស្សនកិច្ចសិក្សាស្វែងយល់ (Educational Tour) និងដំណើរកម្សាន្តបែបទស្សនកិច្ចផ្សារភ្ជាប់នឹងព្រឹត្តិការណ៍កីឡា (Sport Event)។
ជាមួយគ្នានេះ ដើម្បីសម្រួល និងលើកកម្ពស់គុណភាពនៃដំណើរទស្សនកិច្ចក្នុងពហុកីឡដ្ឋានជាតិមរតកតេជោក្រសួងទេសចរណ៍ក៏បានរៀបចំនូវ “សៀវភៅមគ្គុទ្ទេសក៍ សម្រាប់ពហុកីឡដ្ឋានជាតិមរតកតេជោ” សម្រាប់អ្នកឧទ្ទេសនាម ក៏ដូចជាគ្រប់ភ្ញៀវទេសចរដែលចូលមកកម្សាន្តនៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ។ សៀវភៅមគ្គុទ្ទេសក៍នេះនឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើបាស់តាមរយៈការជាដើរតួនាទីជាអ្នកណែនាំ និងបកស្រាយបន្ថែមអំពីខ្លឹមសារសំខាន់ៗពាក់ព័ន្ធនឹងពហុកីឡដ្ឋាន មានជាអាទិ៍ ប្រវត្តិនៃការសាងសង់ សក្តានុពលទាក់ទាញទាំង១៨ នៃពហុកីឡដ្ឋាន ក្រមប្រតិបត្តិ និងក្រមសិលធម៌វិជ្ជាជីវៈសម្រាប់ដំណើរទស្សនកិច្ចក្នុងពហុកីឡដ្ឋាន គោលការណ៍ណែនាំផ្សេងៗ ក៏ដូចជាតំបន់ទាក់ទាញដ៏ទៃទៀតដែលស្ថិតនៅជុំវិញពហុកីឡដ្ឋាន។
គួរបញ្ជាក់ផងដែរថា ការរៀបចំកញ្ចប់ទស្សនកិច្ចនេះ ក៏ជាការចូលរួមផ្សព្វផ្សាយអំពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំការប្រកួតកីឡាអន្តរជាតិស៊ីហ្គេម(Sea Game) ឆ្នាំ២០២៣ ខាងមុខ៕
ដោយ៖ស តារា