ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ជាជនជាតិបរទេសបើករថយន្តព្រូសបុកបង្គោលភ្លើងបាក់អស់មួយដើមនៅផ្លូវកម្ពុជាក្រោម

ចែករំលែក៖

    ភ្នំពេញ ៖ នារីម្នាក់ជាជនជាតិបរទេស បានបើករថយន្ត Toyota Prius មួយគ្រឿងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឱ្យបាក់អស់មួយដើម រីឯរថយន្តរងការខូចខាតយ៉ាងដំណំ។  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោមខាងលិចភ្លើងស្តុបណានជីងប្រមាណជាង១០០ម៉ែត្រ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

     បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញនារីម្នាក់ជាជនជាតិបរទេសបានបើករថយន្តម៉ាកToyota Prius ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខសៀមរាប2C-7097ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវនៅចំកណ្ដាលទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់អស់មួយដើមចំណែករថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ភ្លាមៗនោះអ្នកបើករថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ។

      ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖