ក្រុមហ៊ុនអាកាសចរណ៍របស់អារ៉ាប់ Emirates Airline កាលពីថ្ងៃទី២៣ខែមិថុនា បានហោះហើរដឹកអ្នកដំណើរដំបូងគេបង្អស់ពីទីក្រុងឌូបៃទៅកាន់ទីក្រុង Tel Aviv ប្រទេសអុីស្រាអែល ដែលជាការបង្ហាញឱ្យឃើញថាទំនាក់ទំនងរវាងអុីស្រាអែលនិងប្រទេសអារ៉ាប់កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ជើងហោះហើរលេខ EK931 ហោះហើរចេញពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម នៅវេលាម៉ោង ១២និង២០នាទី ដឹកអ្នកដំណើរ ៣៣៥នាក់ ក្នុងនោះមានគណៈប្រតិភូមួយក្រុម និងអ្នកសារព័ត៌មានរបស់អុីស្រាអែល។
តាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ជើងហោះហើរនឹងមានជាប្រចាំថ្ងៃដើម្បីបំពេញតម្រូវការរបស់អ្នកទេសចរដែលចង់ទៅកាន់ទីក្រុងឌូបៃ ក៏ដូចជាតភ្ជាប់ជាមួយតំបន់ទេសចរណ៍ក្នុងប្រទេសជាច្រើន ដូចជា អូស្ត្រាលី ហ្វីលីពីន ម៉ាល់ឌីវ ថៃ វៀតណាម…។
កាលពីឆ្នាំ២០២០ អុីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឱ្យប្រសើរនូវទំនាក់ទំនងជាមួយប្រទេសតំបន់អារ៉ាប់ ក្នុងនោះមាន អារ៉ាប់រួម បារ៉ែន និងម៉ារ៉ុក ។ កាលពីខែឧសភា អារ៉ាប់រួមនិងអុីស្រាអែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានតម្លៃជាង ១០ពាន់លានដុល្លារ៕ ដោយ៖ធីរីណា
រូបថត ៖ TTXVN-VNA