នៅថ្ងៃទី២៤ខែមិថុនា ប្រព័ន្ធផ្សព្វផ្សាយប្រទេសលោកខាងលិចបានផ្សាយថា កម្លាំងទាហានអ៊ុយក្រែនបានដកខ្លួនចេញពីទីក្រុងយុទ្ធសាស្ត្រ Severodonetsk ក្នុងពេលសង្គ្រាមរវាងរុស្ស៊ីនឹងអ៊ុយក្រែនឈានចូលដល់ខែទី៤ហើយ។
សារព័ត៌មានDW របស់អាល្លឺម៉ង់ បានផ្សាយថា អភិបាលតំបន់ Luhansk ភាគខាងកើតអ៊ុយក្រែន គឺលោក Serhiy Gaidai នៅថ្ងៃទី ២៤ខែមិថុនាបានប្រកាសថា កម្លាំងអ៊ុយក្រែននឹងដកចេញពីទីក្រុង Severodonetsk ជាកន្លែងដែលទាហានរុស្ស៊ីកំពុងតែមានប្រៀបហើយគ្រប់គ្រងទីនោះទាំងស្រុងក្នុងពេលដ៏ខ្លីខាងមុខ។
ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុតនៃការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន កំពុងកើតមាននៅតាមដងផ្លូវក្នុងទីក្រុងស៉ីវីយេរ៉ូដូណេត ហើយអូសបន្លាយពេលមួយខែមកហើយ។ ថ្លែងតាមទូរទស្សន៍ លោក Serhiy Gaidai អភិបាលតំបន់លូហាន់ បានគូសបញ្ជាក់ថា «ការបន្តឈរជើងនៅទីតាំងដែលត្រូវបានវាយបែកខ្ញែកខ្ទេចខ្ទីក្នុងរយៈពេលច្រើនខែដើម្បីនៅឱ្យតែបានៗនោះ គឺមិនសមហេតុផលទាល់តែសោះ»។
លោក ហៃ្គដៃ បានបន្ថែមថា កងកម្លាំងអ៊ុយក្រែនដែលនៅទីក្រុង Sievierodonetsk ទទួលបានបញ្ជាឲ្យផ្លាស់ទៅកាន់ទីតាំងថ្មី ប៉ុន្តែលោកមិនបានបង្ហើបឱ្យដឹងថា ពួកគេបានធ្វើយ៉ាងដូច្នោះហើយឬនៅ ឬមួយក៏បញ្ជាក់ពីទីតាំងលម្អិតដែលពួកគេត្រូវទៅនោះទេ។
ការប្រយុទ្ធគ្នានៅឯទីក្រុងស៉ីវីយេរ៉ូដូណេតនេះ គឺជាជំហានដ៏សំខាន់សម្រាប់ឱ្យរុស្ស៉ីឈានទៅគ្រប់គ្រង លើតំបន់លូហាន់ទាំងមូល ដោយអ៊ុយក្រែននឹងនៅសល់តែទីក្រុងលីស៉ីឆាន់ស៍្ក (Lysychansk) មួយប៉ុណ្ណោះ ប្រសិនបើទីក្រុងស៉ីវីយេរ៉ូដូណេត ធ្លាក់ចូលទៅក្នុងដៃរុស្ស៉ី។ លូហាន់ ស្ថិតក្នុងចំណោមតំបន់ចំនួន២នៅភាគខាងកើតអ៊ុយក្រែន ដែលគេហៅរួមគ្នាថា តំបន់ជម្លោះដុនបាស់៕ ដោយ៖ ធីរីណា
រូបថត ៖ aljazeera