ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តតាកែវ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ឆ្នាំ២០២១-២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត

ចែករំលែក៖

ខេត្ត​តាកែវ៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅសិក្សា ឆ្នាំ២០២១-២០២២ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្ត។

អង្គសន្និបាតនេះដែរ ក៏មានការអញ្ជើញចូលរួមដោយ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោក លោកស្រី អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ ចំណុះមន្ទីរ លោក នាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា នៅទូទាំងខេត្តតាកែវ ដោយបានប្រារព្ធរយៈពេល ២ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ។

មានប្រសាសន៍ក្នុងឱកាសបិទសន្និបាតនេះដែរ លោក​ អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងការកោតសរសើរចំពោះ ថ្នាក់ដឹកនាំមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ ក៏ដូចជាលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ខិតខំបង្ហាត់បង្រៀន សិស្សានុសិស្សទាំងអស់ ដោយមិនខ្លាចភាពនឿយហត់ ឱ្យទទួលបានលទ្ធផលយ៉ាងល្អប្រសើរគួរជាទីមោទនបំផុត។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា សន្និបាតអប់រំឆ្នាំនេះ គឺបានលើកឡើងនូវបទបង្ហាញ និងប្រធានបទពិភាក្សាដែល សុទ្ធតែឆ្លើយតបទៅនឹងខ្លឹមសារ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដោយផ្ដល់អាទិភាពជាចម្បងទៅ លើវិស័យអប់រំ ជាពិសេសទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាលើកកម្ពស់កម្រិតជំនាញរបស់យុវជន ឱ្យឆ្លើយតបតាមទីផ្សារពលកម្មក្នុងប្រទេស និងក្នុងតំបន់។ ជាមួយគ្នានេះដែរ សម្រាប់សន្និបាតទាំងមូល ក៏បានធ្វើការពិចារណា និងពិភាក្សាបន្ថែមទៅ លើប្រធានបទ ដែលបានត្រៀមរួចជាស្រេច ដើម្បីធ្វើឱ្យអង្គសន្និបាត ដំណើរការដោយរលូន និងប្រមូលបាននូវធាតុចូលល្អៗ បង្កើតបានជាទិសដៅ សម្រាប់អនុវត្តន៍ក្នុងបណ្តាឆ្នាំខាងមុខបន្តបន្ទាប់ទៀត៕

ដោយ​៖សហការី​


ចែករំលែក៖