ខេត្តតាកែវ ៖ បុរសម្នាក់លែងលះប្រពន្ធរួចរាល់ហើយ បានទៅរៀបការជាមួយនារីម្នាក់ផ្សេងទៀតនៅផ្ទះជិតគ្នា ប៉ុន្តែបញ្ហាទ្រព្យសម្បត្តិមិនទាន់បានបែកចែករួចរាល់នៅឡើយ។ នៅថ្ងៃរៀបការបុរសនោះត្រូវបានកូនប្រុសស្រីទាំងបីនាក់មកអង្គុយសំពះសុំអង្វរលោកឪពុកជួយដោះស្រាយបញ្ហាបំណុលធនាគារ។
ដោយសារប្រការនេះធ្វើឲ្យមានហេតុការណ៍ភ្ញាក់ផ្អើលដល់មហាជនទាំងព្រឹកនៅមុខរោងការ ខណៈក្មេងប្រុសស្រី៣នាក់បងប្អូនមកឈរស្រែកយំ សុំឲ្យឪពុកខ្លួនដែលកំពុងអង្គុយផ្ទឹមជាមួយប្រពន្ធក្រោយ ជួយសងលុយជំពាក់ធនាគារ១ម៉ឺនដុល្លារ។
ចំណែកបុរសជាឪពុកហាក់ដូចជាមិនចាប់អារម្មណ៍ចំពោះទង្វើរបស់កូនៗទាំងបីនាក់នោះឡើយ។
ហេតុការណ៍ដ៏កម្រនេះកើតឡើងនៅព្រឹកថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២២ ភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ តាមការរៀបរាប់ពីក្មេងប្រុស ស្រីទាំង៣ថា ឪពុកខ្លួនឈ្មោះ ពេជ្រ ធារ៉ា បានមករៀប ការជាមួយប្រពន្ធថ្មីឈ្មោះ ង៉ែត ស្រីវឿន ទាំងដែលបំណុលជាច្រើននៅមិនទាន់សងធនាគាររួច។ យ៉ាង ណាក៏ដោយពួកគេទាំង៣នាក់ទទួលស្គាល់ថាទំនាក់ទំនងរវាងម្ដាយនិងឪពុករបស់ពួកគេបានបញ្ចប់ទៅហើយ។
ក្មេងៗដែលជាកូនបន្តថា ម្តាយនិងឪពុកខ្លួនបានលែងលះគ្នាហើយ តែទ្រព្យសម្បត្តិរួម នៅមិនទាន់បែងចែកទេ ហើយឪពុកពួកគេបានស្ម័គ្រចិត្តចុះចេញពីផ្ទះដោយយករថយន្តមួយគ្រឿងទៅជាមួយផង ថែមទាំងមិនដែលជួយបង់លុយធនាគារដែលជំពាក់នោះទេ។ ទើបពេលនេះ ពួកគាត់ត្រូវជាកូន អាណិតម្តាយក៏សម្រេចចិត្តមកយំអង្វរឪពុកសុំលុយ១ម៉ឺនដុល្លារយកទៅសងធនាគារ។
សូមបញ្ជាក់ថាលោក ពេជ្រ ធារ៉ា និងប្រពន្ធ ឈ្មោះ អាន ចាន់ថៃ ចាប់ដៃគ្នារៀបការរហូតមានកូន៣នាក់ ដែលក្នុងនោះស្រី២នាក់ និងកូនប្រុសម្នាក់ ហើយក៏បានលែងលះគ្នា កាលពីប៉ុន្មានខែមុនបន្សល់ទុកកូនទាំង៣ដែលកំពុងសិក្សា ជាមួយនិងបំណុលធនាគារយ៉ាងច្រើនឲ្យប្រពន្ធ និងកូនជាអ្នកទទួលខុសត្រូវ ចំណែកខ្លួនបានយករថយន្តទៅមួយគ្រឿងនិងបានរៀបការប្រពន្ធថ្មីដែលមានផ្ទះនៅទល់មុខផ្ទះគ្នាផងដែរ៕
ដោយ៖ សូរិយា