ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ ប្រកាស​ពីផលប៉ះពាល់​បណ្ដាលមកពីការ​ប្រេីប្រាស់​បារី​អេឡិចត្រូនិក​ អ្នកជក់​ក្រៅពីញៀន​ និង​ ប៉ះពាល់​បេះដូង​ សួត​ អាចប្រឈម​មុននឹង​ស្លាប់​បាត់បង់​ជីវិត​ថែមទៀត​ផង​

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណៈជនជ្រាបថា បារីអេឡិចត្រូនិច (e-cigarette) គឺជាប្រព័ន្ធបញ្ចូន សារធាតុនីកូទីនអេឡិចត្រូនិច រួមទាំងបារីអេឡិចត្រូនិចដែលបញ្ជូនសារធាតុនីកូទីនអេឡិចត្រូនិច (Electronic Nicotine Delivery System-ENDS និងបារីអេឡិចត្រូនិចដែលប្រព័ន្ធបញ្ចូនសារធាតុមិនមែននីកូទីនអេឡិចត្រូនិច (Electronic Non-Nicotine Delivery System-ENNDS)។ បារីអេឡិចត្រូនិចមានបរិមាណនីកូទីនខុសៗគ្នា និងមានការបំភាយដែល បង្កគ្រោះថ្នាក់ដល់សុខភាពធ្ងន់ធ្ងរ។

ភស្តុតាងជាច្រើនបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្កផលប៉ះពាល់ដល់សុខភាព បណ្តាលឲ្យញៀន បង្កផលប៉ះ ពាល់ធ្ងន់ធ្ងរដល់បេះដូង និងសួត រហូតដល់បាត់បង់ជីវិត។ នៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បារីអេឡិចត្រូនិច៩៩% មានផ្ទុក ជាតិនីកូទីន។ ការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែងសម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចនាំឱ្យប៉ះពាល់ដល់ ការ ចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។ ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នក ជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ ការស្រូបចំហាយបារីអេឡិចត្រូនិច ដោយប្រយោលពីគេក៏ទទួលនូវគ្រោះថ្នាក់ផងដែរដោយសារនៅក្នុងចំហាយបារីអេឡិចត្រូនិចមានផ្ទុកនូវជាតិនីកូទីន និង សារធាតុផ្តល់គ្រោះថ្នាក់ជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឲ្យស្ត្រីដែលមានផ្ទៃពោះមានបញ្ហាដល់ការលូតលាស់ របស់ទារកព្រមទាំងបំផ្លាញការអភិវឌ្ឍសមត្ថភាពខួរក្បាលរបស់ទារកផងដែរ។

ភស្តុតាងកាន់តែច្រើនឡើងដែលបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសូតដោយ ចំហាយទឹកដែលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទីន និង ភាគល្អិតតូច នៃ អ៊ុលត្រាហ្វាញ (Ultrafine Particle) ដែលវាមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ។ សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិច អាច បង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។

ដោយយល់ឃើញថា បារីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ និងផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ និងគំរាមកំហែង ដល់អាយុជីវិតអ្នកប្រើប្រាស់ និងអ្នករងទទួលចំហាយផ្សែង ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៨ ដោយអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ ដោយបានចេញសេចក្តីណែនាំស្តីពី ការចាត់វិធានការ បង្ការ បញ្ឈប់ការប្រើ ប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា (SISHA) និងបារីអេឡិចត្រូនិច (E-cigarette) នៅក្នុងប្រទេសកម្ពុជា។

ហើយ បន្ទាប់មកនៅឆ្នាំ២០២១ នេះ ក៏បានបន្ថែម សេចក្ដីណែនាំស្តីពី ការចាត់វិធានការ បង្ការទប់ស្កាត់ការនាំចូល ការជួញដូរ ការ ធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផល អេចណ៍ ធី ភី (HTPs) ក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ទោះបីមានសេចក្ដីណែនាំ នេះរួចហើយក៏ដោយ ក្នុងពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលសង្កេតឃើញមានជនឆ្លៀតឱកាស ធ្វើការផ្សព្វផ្សាយលក់ ផលិតផល អេចឈឺ ធី ភី (HTPs) ឬ (E-cigarette) តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារបំផ្លើសថា ជាឧបករណ៍សម្រាប់ផ្តាច់ការជក់បារី ជាផលិតផលមានសុវត្ថិភាពជាងបារីធម្មតា ដែលជាទង្វើ ល្មើសច្បាប់ និងផ្ទុយនឹងសេចក្ដីណែនាំស្ដីពី ការចាត់វិធានការ បង្ការ ទប់ស្កាត់ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការបើ ប្រាស់ផលិតផលអេចឈឺ ធី ភី (HTPs) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានស្នើ សុំការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ស្ថាប័នពាក់ព័ន្ធក្នុងការជួយអន្តរាគមន៍ផ្លូវច្បាប់ទៅ លើការផ្សព្វផ្សាយការលក់ផលិតផល អេចណ៍ ធី ភី (HTPs) ឬ បារីអេឡិចត្រូនិច (E-Cigarette) តាមរយៈបណ្ដាញ ព័ត៌មានសង្គម និងសូមគោរពស្នើសុំ សូមក្រសួង និងភាគីពាក់ព័ន្ធមេត្តារួមសហការចាត់ការលើជនខិលខូច ដែលមានការ ផ្សាព្វផ្សាយ និងចរាចរផលិតផលមិនត្រឹមត្រូវនេះតាមនិតិវិធីច្បាប់ជាធរមាន។

បាវីអេឡិចត្រូនិច ពិតជាបង្កគ្រោះថ្នាក់ផលប៉ះពាល់ដល់សុខភាព និងសង្គម។ ក្រសួងសុខាភិបាលសូមអំពាវនាវ ដល់ យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង និងកុំជឿតាមការឃោសនាថា បារីអេឡិចត្រូនិចជា មធ្យោបាយផ្ដាច់បារី បារីអេឡិចត្រូនិចគឺជាទំនោរផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់ គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។

សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម អនុវត្តតាមការណែនាំខាងលើនេះ ដើម្បីចៀសវាងនូវបញ្ញាសុខភាព ធ្ងន់ធ្ងរ ដែលបង្កដោយការប្រើប្រាស់បារីអេឡិចត្រូនិច ៕ 

ដោយ ៖ សុខ ខេមរា


ចែករំលែក៖