ភ្នំពេញ៖ លោក សុង តុងហាប់ រដ្ឋលេខាធិការ និងជាប្រធាន អនុក្រុមការងារគាំពាសហគ្រាសនិងការងារក្នុងវិស័យទេសចរណ៍តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយពី “នីតិវិធី និងលក្ខខណ្ឌដើម្បីទទួលបានលិខិតបញ្ជាក់ទ្រព្យ បញ្ចាំពីសាជីវកម្មធានាឥណទានកម្ពុជា” ដែលជាយន្តការបន្ថែមក្នុងការគាំទ្រគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនទេសចរណ៍ដែលត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ កន្លងមក។
លោករដ្ឋលេខាធិការ បានមានប្រសាសន៍ថា កម្មវិធីធានាឥណទាន (Credit Guaranteed Scheme)បានដាក់ឱ្យ ដំណើរការចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈសាជីវកម្មធានាឥណទានកម្ពុជា (Credit Guarantee Corporation of Cambodia-CGCC) ដើម្បីផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នកម្ចីនិងបង្កើនបរិយាបន្នហិរញ្ញវត្ថុ ដោយទទួលបានដើមទុនដំបូង សមមូលនឹងទឹកប្រាក់២០០លានដុល្លារអាមេរិកពីរាជរដ្ឋាភិបាល។
លោក បានបន្ថែមថា កម្មវិធីធានា ឥណទាននេះនឹងជួយសម្រួលដល់អាជីវកម្មទេសចរណ៍ដែលមានតម្រូវការឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូល រួមហើយមានកង្វះខាតទ្រព្យបញ្ជាំ ក្នុងនោះម្ចាស់អាជីវកម្មទេសចរណ៍អាចស្នើសុំកម្ចីឥណទានពីគ្រឹះស្ថាន ហិរញ្ញវត្ថុចូលរួម ក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់៤០០,០០០ដុល្លារអាមេរិក ក្នុងអត្រាការប្រាក់សម្បទាន ប្រចាំឆ្នាំ ៦.៥% ដោយមានឬគ្មានទ្រព្យបញ្ជាំដើម្បីធានាកម្ចីបាន។
លោក ណូ លីដា អគ្គនាយករងនៃសាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថា អាជីវកម្មទេសចរណ៍ ត្រូវបំពេញនូវគុណវុឌ្ឍិមួយចំនួន ដូចជា៖ ១).អាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ជាតិខ្មែរ (កាន់កាប់ ភាគហ៊ុនលើសពី៥០%), ២).អាជីវកម្មដែលបានចុះបញ្ជីជាមួយអាជ្ញាធរព័ន្ធ ឬមិនបានចុះបញ្ជីត្រូវតែចុះបញ្ជី បន្ទាប់ពីទទយលបានការធានាឥណទាននិង ៣).អាជីវកម្មដែលមានលទ្ធភាពសងត្រលប់វិញ។ លោកបាន បញ្ជាក់បន្ថែមថា ដើម្បីទទួលបានលិខិតបញ្ជាក់ការធានាឥណទាន (Letter of Guarantee-LG) អាជីវកម្ម ទេសចរណ៍អាចធ្វើការទំនាក់ទំនងទៅគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម ដើម្បីស្នើសុំកម្ចីក្នុងគម្រោងសហហិរញ្ញប្ប ទានស្តារនិងជំរុញកំណើនទេសចរណ៍ ដោយគ្រាន់តែបញ្ជាក់ថាអាជីវកម្មមានតម្រូវការស្នើសុំលិខិតធានា ឥណទានឬទេ? ក្រោមការអនុម័តកម្ចី គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនឹងដាក់ពាក្យស្នើសុំមកសាជីវកម្មធានា ឥណទាន កម្ពុជា ដើម្បីផ្តល់លិខិតធានាឥណទានជាការស្រេច។
គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ មានមូលដ្ឋានអាជីវកម្មទេសចរណ៍ទូទាំងប្រទេសចំនួន ១,១៩៦ទីតាំង ដែលបានបិទ/ផ្អាកដំណើរ ក្នុងនោះមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន៤៩៨ទីតាំងបានបិទទ្វារ និង៦៩៨ទីតាំងបានផ្អាកដំណើរការបណ្តោះអាសន្ន ដែលធ្វើឱ្យបាត់បង់ការងារផ្ទាល់ក្នុងវិស័យទេសចរណ៍ សរុបចំនួន២១,៩៩៨នាក់។
លោក សុង តុងហាប់ បានឱ្យដឹងថា គម្រោងសហហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល គួបផ្សំកម្មវិធី ធានាឥណទាននេះនឹងក្លាយជាឧបករណ៍ហិរញ្ញវត្ថុមួយយ៉ាងសំខាន់ក្នុងការជំរុញកតាលីករនៃវិស័យទេសចរណ៍ ឱ្យងើបទ្បើងវិញឆាប់រហ័សឱ្យស្របតាមការរំពឹងរបស់ក្រសួងទេសចរណ៍ថា កម្ពុជានឹងទទួលបានទេសចរ អន្តរជាតិ៧លាននាក់នៅឆ្នាំ២០២៥ និងទេសចរផ្ទៃក្នុង១១លាននាក់នៅឆ្នាំ២០២៣ ៕
ដោយ៖សហការី