ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបបានទាន់ពេលវេលា។
តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមប្រធានបទ«ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា«អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិ ការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជ ធានី-ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុង ការបង្ការ ទប់ស្កាត់បង្រ្កាប និងដោះស្រាយនូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីទប់ស្កាត់បានរាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គភាពមន្រ្តីអនុវត្តច្បាប់គ្រឿងញៀនពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដានស៊ើបអង្កេត ស្រាវជ្រាវមុខសញ្ញាចរាចរណ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់ ឆ្លងកាត់តាមព្រំដែន និងសហការរួមគ្នាបង្រ្កាបឲ្យបានទាន់ពេលវេលា និងចំគោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ។
សម្តេចតេជោ ក៏បានណែនាំ និងសំណូមពរបន្ថែមនូវ គោលការណ៍មួយចំនួនទៀតផងដែរ ដោយក្នុងនោះក៏អំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗជាជនរួម ជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាលសូមបន្តចូលរួម និងគាំទ្រឲ្យបានកាន់តែសកម្មថែម ទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះ ស្រាយនូវរាល់បញ្ហាដែលអាចកើតមាននៅក្នុងសហគមន៍។ សម្តេចតេជោ ក៏បានឲ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែ ទាំ និងអប់រំកូនចៅឲ្យបានល្អដើម្បីឲ្យពួកគេលូតលាស់ធំធាត់ ប្រកបដោយសុខភាពនិងសុវត្ថិភាពចៀស ផុតពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជាក្នុងសង្គមផ្សេងៗ ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការេអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបាន ផុសផុល និងគ្រប់គោលដៅប្រឈម។ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយត្រូវបន្តអនុវត្តផ្សារភ្ជាប់ជាមួយខ្លឹមសារ ទិសស្លោក បីកុំ មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនទាំងអស់។
យ៉ាងណាក៏ដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ជាពិសេសក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាពប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌលជាតិមជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួលគាំទ្រ លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀនឲ្យទៅទទួលយកសេវាព្យាបាលស្តារនីតសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕
ដោយ៖ សូរិយា